រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២  បានចេញសេចក្តីប្រកាសព័ត៌មានថា ក្រសួងបានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៣នាក់ ក្នុងនោះមាន កុមារា អាយុ១ឆ្នាំម្នាក់ ត្រូវជាកូន​របស់អ្នកជំងឺម្នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ីនិង​២នាក់ផ្សេងទៀត ជាអ្នកធ្វើដំណើរ មកពីក្រៅប្រទេស។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាស ពីការព្យាបាលជាសះស្បើយ អ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចំនួន៣នាក់ ផងដែរ។ ដោយឡែក មនុស្សទាំង៣នាក់ មានវិជ្ជមាន នៃកូវីដ-១៩នោះ រួមមាន៖

១-កុមារា ជនជាតិខ្មែរ អាយុ១ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្មេងប្រុសម្នាក់នេះ ជាកូនប្រស់របស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលវិជ្ជមាន នៃកូវីដ-១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២-ស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក ហើយបន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។ ដោយឡែក​ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺម្នាក់នេះ មានសរុបចំនួន១០៥នាក់​។ រីឯអ្នកដំណើរ ចំនួន១០៤នាក់ ត្រូវបានធ្វើតេស្ដ ទទួលបាន​លទ្ធផលអវិជ្ជមាន ប៉ុន្ដែពួកគាត់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួន និងស្ថានទូតអាមេរិកម្នាក់។

៣-ស្ត្រីជនជាតិជប៉ុន អាយុ៣៤ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ គាត់ជាអ្នកដំណើរមកពីជប៉ុន ហើយបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯ​អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើមានចំនួន ៦៥នាក់ ដែលក្នុងនោះមានស្ត្រីខាងលើនេះផងដែរ។ រីឯអ្នកដំណើរ៦៤នាក់ផ្សងទៀត ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានបន្ថែមថា សម្រាប់អ្នក​ជាសះស្បើយចំនួន៣នាក់ ​ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រួមមាន៖

១-បុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានីភ្នំពេញ ជាអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ដោយទទួលបានលទ្ធផលអវិជ្ជមានចំនួន ៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត។

២-ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិកគ្រួសាររបស់អ្នកបើកបរឲ្យលោកអគ្គនាយកពន្ធនាគារ។

៣-បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃ ដែលជាអ្នកប៉ះពាល់ជាមួយអគ្គនាយកពន្ធនាគារ។

បើគិតមកដល់វេលាម៉ោង៧​ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា​មានអ្នកឆ្លង​កូវីដ-១៩ ​សរុប ៣៦២នាក់ (ស្ត្រី ៨៦នាក់ និងបុរស ២៧៦នាក់)។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកព្យាបាលជាសះស្បើយ សរុបនៅទូទាំងប្រទេស ​ចំនួន ៣១២នាក់ ។ ចំណែក​អ្នកជំងឺ ចំនួន៥០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ៕