ខេត្តកណ្ដាល ៖ បុរសក្លាហាន៤នាក់បានព្រួតគ្នាវាយអ្នកជិតខាង២នាក់ឱ្យរងរបួស និងវាយសម្ភារៈផ្សេងទៀតឱ្យខូចខាតផងដែរ ទីបំផុតបុរស៣នាក់ក្នុងចំណោម៤នាក់នោះត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

ករណីបុរសក្លាហាន៤នាក់បានព្រួតគ្នាវាយអ្នកជិតខាងនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតាក្ដុល សង្កាត់តាក្តុល ក្រុងតាខ្មៅ។

ជនរងគ្រោះទាំង២នាក់ រួមមាន៖ទី១-ឈ្មោះសំ សែន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ(ខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន)។ ទី២-ឈ្មោះរី សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមេភូមិតាក្តុលត្បូង (រងរបួសបែកចុងចិញ្ចើមខាងស្តាំ និងរយះកដៃខាងឆ្វេង)។ ទាំង២នាក់មានទីលំនៅនៅភូមិកើតហេតុខាងលើ។តាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ។

ចំណែកជនសង្ស័យមានគ្នា៤នាក់ គឺ៖ទី១-ឈ្មោះ ឆិល ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន)។ ទី២-ឈ្មោះ ឆិល មករា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន)។ ទី៣-ឈ្មោះ សំ ចាន់ធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត(ឃាត់ខ្លួន) និងទី៤-ឈ្មោះ ឆិល ចាន់ថុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ(គេចខ្លួន)។ ទាំង៤នាក់មានទីលំនៅភូមិកើតហេតុជាមួយគ្នា។ វត្ថុតាងចាប់យកមាន៖ ដុំថ្មចំនួន៦ដុំ,កាំបិតប៉័ងតោដងជ័រចំនួន១ប្រវែង៣០សង់ទីម៉ែត្រ, អំបែងចានមួយចំនួន និងបំពង់ទឹកក្តៅពណ៌ក្រហមចំនួន១។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សំ សែន បានចតរថយន្តរបស់ខ្លួននៅតាមផ្លូវមុខផ្ទះរបស់ខ្លួន ។ លុះក្រោយមក ជនសង្ស័យឈ្មោះ ឆិល ចាន់ធឿន បានបើករថយន្តចេញពីផ្ទះម្តាយរបស់ខ្លួនដែលនៅផ្ទះក្បែរគ្នាមកដល់មុខផ្ទះជនរងគ្រោះបើកចេញមិនរួច ព្រោះផ្លូវចង្អៀតដោយទើសរថយន្តរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានចេញពីផ្ទះមកជួយសារ៉េ ផ្លូវឱ្យ ស្រាប់តែជនសង្ស័យបាននិយាយថា ចតឡានពេញផ្លូវ។

ជនរងគ្រោះប្រាប់ថា សុំចតតែពីរថ្ងៃទេ ដោយសម័យកូវីដមិនហ៊ានទុកឡាននៅការ៉ាសទេ ក៏មានទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមក ឈ្មោះ រី សារ៉េត ដែលជាមេភូមិនៅផ្ទះជាប់គ្នា ក៏ចេញមកឃាត់កុំឱ្យឈ្លោះគ្នា ស្រាប់តែជនសង្ស័យនិយាយថាមិនមែនរឿងរបស់អ្ហែងទេ កុំមកចេះ។ ដោយខ្លាចមានរឿងធំ ជនរងគ្រោះឈ្មោះសំ សែន បានដឹកដៃជនរងគ្រោះឈ្មោះរី សារ៉េត ឱ្យចូលទៅក្នុងផ្ទះរបស់ខ្លួន ។ ស្រាប់តែក្រុមជនសង្ស័យបាននាំគ្នាចូលទៅវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្តាលឱ្យខូចខាត និងយកដុំថ្មគប់បណ្តាលឱ្យជនរងគ្រោះឈ្មោះ រី សារ៉េត រងរបួសបែកចុងចិញ្ចើមខាងស្តាំ និងរយះកដៃខាងឆ្វេង ហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទទួលពាក្យបណ្តឹងសមត្ថកិច្ចប៉ុស្តិ៍តាក្តុល ។ លុះដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍តាក្តុល សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានបីនាក់ដូចខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕