ខេត្តបាត់ដំបង ៖ នារីវ័យក្មេងស្រស់សោភាម្នាក់ គ្រាន់តែខ្វែងគំនិតឈ្លោះជាមួយនឹងគូរដណ្តឹងបន្តិចបន្តួចសោះ ស្រាប់តែឈឺចិត្តស្អិតទ្រូង រហូតគិតខ្លីលែងចង់រស់តទៅទៀត ក៏បានលេបថ្នាំងងុយដេកធ្វើអត្តឃាត បណ្តាលឲ្យស្លាប់បានសម្រេចដូចបំណង ធ្វើឲ្យក្រុមគ្រួសារសោកស្តាយអើយសែនស្តាយ។

ករណីនារីវ័យក្មេងធ្វើអត្តឃាតនេះ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ គឹម សូវៀត ហៅ ស្រីខួច អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ពេលក្រុមគ្រួសារដឹងថា នារីរងគ្រោះ លេបថ្នាំធ្វើអត្តឃាត ក៏បានប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ប៉ុន្តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យ នាងបានដាច់ខ្យល់ស្លាប់បាត់ហើយ ទើបក្រុមគ្រួសារដឹកសពត្រឡប់មកផ្ទះវិញ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យសពនារីរងគ្រោះ ឃើញថា នាងពិតជាលេបថ្នាំធ្វើអត្តឃាតមែន ។ បន្ទាប់មក បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណីទាំងក្តៅសោកអាល័យជាពន់ពេក៕