ភ្នំពេញ៖ យុវតីម្នាក់ជាម្ចាស់អាខោនហ្វេសប៊ុកឈ្មោះថា (AZu Vanila) ជានិស្សិត១រូបក្នុងគ្រួសារមានការលំបាក ឪពុកមានពិការភាព តស៊ូឱ្យកូនស្រីបានសិក្សា រហូតបានចប់បរិញ្ញាបត្រជាស្ថាពរ ។ ក្រោយពីបានទទួលសញ្ញាបត្រ យុវតីជាកូនស្រីកត្តញូរូបនេះ បានបង្ហោះរូបថតជាមួយម្ដាយ និងឪពុកដែលមានពិការភាព ព្រមទាំងសារមួយថា៖ វាមិនមែនជារឿងងាយស្រួលទេ ដែលប៉ាពិការភ្នែកទាំងពីរ និងម៉ាក់លក់ដូរម្នាក់ តែអាចបញ្ជូនខ្ញុំឱ្យរៀនសូត្រចប់បរិញ្ញាបត្រជាស្ថាពរ ។ តាំងពីតូចដល់ធំប៉ុននេះ ខ្ញុំមិនដែលស្គាល់ពាក្យថារកម្ហូប អង្ករ ខ្លួនឯង ទោះបីជាគាត់លំបាក តែមិនឱ្យខ្ញុំលំបាកដាច់ខាត ។ គាត់ធ្លាប់ក្រលំបាក ចឹងហើយគាត់មិនចង់ឃើញខ្ញុំក្រលំបាកទៀតទេ ។ មកដល់ទីនេះបាន ក៏មិនមែនជារឿងងាយស្រួលដែរ ជិះមកពីស្រុកសិន មកដល់ភ្នំពេញបានជិះមកសាលាទៀត ស្ទះក៏ស្ទះ ក្ដៅក៏ក្ដៅ ឃ្លានក៏ឃ្លាន ដើរឆ្ងាយតាំងពីមុខសាលាមកដល់ក្នុងសាលាជាង១គីឡូដី ចាំក៏យូរ តែគាត់នៅតែចង់មកឃើញខ្ញុំនៅថ្ងៃនេះ ឈរក្នុងនាមជាកូនស្រីគាត់ ស្អាតហើយឆ្លាតទៀត ។ សុំទោស ហើយក៏អរគុណសម្រាប់ថ្ងៃននិងចំពោះរឿងគ្រប់យ៉ាង មួយជីវិតនេះកូនសងមិនអស់ទេ ។

នៅក្នុងហ្វេសប៊ុកមួយនេះ មិនបញ្ជាក់អំពីអាសយដ្ឋាន និងអត្តសញ្ញាណម្ដាយឪពុក និងខ្លួនឯងឱ្យបានច្បាស់ក៏ពិតមែន តែក្នុងសារខាងលើនេះ បានបង្ហាញពីភាពកត្តញ្ញូរបស់កូនចំពោះអ្នកមានគុណ និងក៏ជាកម្លាំងចិត្តដ៏ធំធេង ធ្វើឱ្យឪពុកម្ដាយរីករាយ សប្បាយចិត្ត យកអ្វីមកប្រៀបផ្ទឹមពុំបានផងដែរ៕