រាជធានីភ្នំពេញ ៖ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្រាវជ្រាវរកបុគ្គល១ក្រុម អះអាងថា ខ្លួនជាមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានចេញមកកាងជនជាតិចិន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដរបស់មន្ដ្រីសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ចំណុចមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រាប់តែពេលនោះមានគ្នាមនុស្ស១ក្រុមប្រមាណ៤-៥នាក់ អះអាងថា ខ្លួនជាមន្ត្រីនគរបាលមកកាងជនជាតិចិន ហើយបានប៉ះពាក្យសម្ដីជាមួយលោកពេជ្រ ស៊ឹមធារ៉ាត់ នាយប៉ុស្ដិ៍ស្ដីទី នៃប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ចតុមុខផងដែរ ដែលកំពុងដឹកនាំកម្លាំងចុះទៅសម្របសម្រួលនៅទីនោះ។

ជុំវិញនឹងករណីនេះ លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា លោកឧត្តមសេនីយ៍ ស ថេត បានបញ្ជាឲ្យស្រាវជ្រាវលើកករណីនេះ ដើម្បីដឹងច្បាស់ថា តើនគរបាលមួយក្រុមនោះនៅអង្គភាពណា។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដម៉ាក Tundra ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-6615 បើកបរនិងជិះដោយមានជនជាតិចិនមួយក្រុម ប៉ះរថយន្ដ ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2Q-4084 ដែលជាកម្មសិទ្ធិរបស់មន្ដ្រីសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ។

ក្រោយកើតហេតុ លោកពេជ្រ ស៊ឹមធារ៉ាត់ នាយប៉ុស្ដិ៍ស្ដីទី នៃប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ បានចុះទៅសម្របសម្រួលដើម្បីបញ្ចប់រឿង ។ ពេលកំពុងសម្របសម្រួលនោះ ស្រាប់តែលេចមុខមនុស្សមួយក្រុមជិះរថយន្ដស៊េរីទំនើបម៉ាក Rang Rover ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ2BL-3399 ដែលអះអាងថា ខ្លួនជាមន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃមកកាងឲ្យក្រុមជនជាតិចិននោះ រហូតមានការប៉ះពាក្យសម្តីគ្នាជាមួយលោកពេជ្រ ស៊ឹមធារ៉ាត់ ទៀតផង តែនៅចុងក្រោយភាគីក្រុមជនជាតិចិនបានចេញសងសំណង២០០ដុល្លារ ជូនម្ចាស់រថយន្តមន្រ្តីសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ដើម្បីបញ្ចប់រឿង៕