រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ សារព័ត៌មាន VOD Khmer បានផ្សាយតាមហ្វេសប៊ុកផេករបស់ខ្លួនថា « ប្រជាកសិករមួយចំនួននៅស្រុកស្អាង ខេត្តកណ្តាល ត្អូញត្អែរថា បន្លែរបស់ពួក គាត់ប្រឈមនឹងការឈូសចោលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បើសិននៅតែពុំមាន ទីផ្សារសម្រាប់លក់ ស្របពេលដែលកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ១៩ និងការនាំចូលបន្លែពីប្រទេសជិតខាងច្រើន »។

ចំណែកម្ចាស់គណនីហ្វេសបុក របស់លោក Tay Song បានបង្ហោះថា «ដល់វគ្គភ្ជួរចោលទៀតហើយ៣០តោន រត់មុខ បើអ្នកណា ត្រូវការចង់បានយកទៅលក់ រឺយកទៅហូប មកកាត់តាមចិត្ត ជូន30តោន បើមិនត្រូវការ៥ថ្ងៃទៀតភ្ជួរចោលហើយ» ។ ជុំវិញនឹងបញ្ហាបន្លែខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីបំភ្លឺព័ត៌មានថាដោយទទួលបានព័ត៌មានខាងលើ ក្រុមការងារ មានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត, ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្អាង, ប្រធានសហគមន៍កសិកម្មបន្លែបៃតងសុវត្ថិភាព ព្រែកអុងប៉ាង ឃុំទឹកវិល, ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ និងអាជ្ញាធរពាក់ពន្ធ័ថ្នាក់ឃុំ បានចុះជួបពិភាក្សារកដំណោះស្រាយទីផ្សារ និងបានចុះជួបផ្ទាល់ ជាមួយកសិករ ឈ្មោះតៃ សុង ជាម្ចាស់ចម្ការ ដែលបានបង្ហោះព័ត៌មានអំពីការលក់សាឡាត់ មិនចេញ ដើម្បីសាកសួរព័ត៌មាន តែគាត់មិននៅផ្ទះ ដោយគាត់រវល់នាំម៉ូយផ្សារដើមគ ដើរមើលបន្លែនៅភូមិកូនជ្រៃ ឃុំព្រែកអំបិល បានជួបត្រឹមតែភរិយារបស់គាត់ប៉ុណ្ណោះ ។

តាមរយៈការពិភាក្សា និងអង្កេតជាក់ស្តែងតាមរយៈគណនីផេកបណ្ដាញសង្គម និងចុះផ្ទាល់ដល់ទីតាំងទទួលបាននូវលទ្ធផលដូចខាងក្រោមនេះ៖ ចម្ការសាឡាត់នេះមិនស្ថិតក្នុង ភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ដូចសារព័ត៌មានបានផ្សាយទេ គឺមានទីតាំងស្ថិត ក្នុងភូមិព្រែកជ្រូក ឃុំព្រែកគយ ស្រុកស្អាងវិញទេ ដោយលោក តៃ សុង ជាកសិករក្នុងភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ជាអ្នកជួល ដើម្បីដាំសាឡាត់ ។ កសិកររូបនេះ មិនមែនជាកសិករសុទ្ធសាធនោះទេ គាត់គឺកសិ-ពាណិជ្ជករ គាត់ជាអ្នកដាំបន្លែផង ជាអ្នកលក់ធាតុចូល កសិកម្មផង និងជាអ្នកទំនាក់ទំនងរកទីផ្សារសម្រាប់ការប្រមូលបោះដុំពីឃុំផ្សេងៗក្នុងស្រុកស្អាង ផងដែរ ។

បច្ចុប្បន្នគាត់ មានដាំ ខ្ទឹមស្លឹក សាឡាត់ និងបន្លែ ផ្សេងៗ ទៀតដូចកសិករដទៃផងដែរ និងមានដៃគូ ទីផ្សារបោះដុំនៅ ផ្សារដើមគ ចាំទទួលផលិតផលរបស់គាត់ ដោយសារទំនាស់ផលប្រយោជន៍ ឬការមិនទុកចិត្តគ្នា ធ្វើឲ្យម៉ូយដុំរបស់គាត់ មិនបញ្ជាទិញទេ គាត់លក់ឲ្យទៅម៉ូយផ្សេង (ស្ដង់បោះដុំកន្លែងផ្សេង) បានថោក ជាងម៉ូយរបស់គាត់ធ្វើឲ្យគាត់មិនសប្បាយចិត្ត ។ តែបន្លែសាឡាត់របស់គាត់ ក៏បាននឹងកំពុងកាត់លក់បណ្ដើរៗផងដែរ បានប្រមាណ៥០% នៃផលដំណាំ នឹងរង់ចាំតម្លៃបន្លែប្រចាំថ្ងៃ ពីម៉ូយដុំនៅផ្សារដើមគថែមទៀត ដោយថ្ងៃទី១១ ខែធ្នូ គាត់យកបន្លែលក់នៅផ្សារដើមគ បានតម្លៃ៧០០៛ ក្នុង១គីឡូក្រាម ដោយបង់ថ្លៃស្តង់អស់ ១០០៛ នៅសល់៦០០៛ ។

ដំណាំសាឡាត់របស់កសិករ តៃ សុង គឺដាំក្រៅផ្ទះសំណាញ់ទេ មិនមែនដាំក្នុងផ្ទះសំណាញ់ឡើយ (វីដេអូក្នុង ផេកហ្វេស បុក VOD Khmer គ្រាន់ជារូបតំណាងដែលកាត់យករូបផ្ទះសំណាញ់របស់កសិករក្នុងឃុំស្វាយប្រទាលទេ) ។ ចំពោះការ អះអាងថា ជាបន្លែសុវត្ថិភាពនោះ ក៏មិនមានការបញ្ជាក់ច្បាស់លាស់ដែរ ព្រោះមិនដែលបានយកសំណាកទៅពិនិត្យបញ្ជាក់នៅមជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល ម្តងណាឡើយ ។ ម៉្យាងវិញទៀត កសិ-ពាណិជ្ជកររូបនេះ ត្រូវបានការិយាល័យនីតិកម្មកសិកម្មរបស់មន្ទីរកសិកម្មខេត្តកណ្ដាល ធ្វើការផាកពិន័យចំនួន២លើករួចមកហើយ ក្នុងបទល្មើសលក់ថ្នាំគីមីកសិកម្មខុសបច្ចេកទេស ។

ចំពោះសម្ដីដែលការលើកឡើង តាមរយៈការសន្ទនាក្នុងទូរស័ព្ទជាមួយផេកហ្វេសបុក VOD Khmer ថា “ប្រកាសរកបងប្អូនណាចង់កាត់យកទៅលក់នៅខេត្តណាឲ្យមកកាត់យកទៅលក់ បើទោះជាទុក ក៏ត្រូវភ្ជួរចោល ដើម្បីហាលដី និងផ្អាកការដាំដុះមួយរយៈសិន” នោះគ្រាន់ជាពាក្យនិយាយទេ តាមពិតលោកអ៊ុក សុគន្ធ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្អាង បានចុះដល់ចម្ការពិនិត្យឃើញមានកម្មករកំពុងកាត់ប្រមូលផលឲ្យគាត់ជាម្ចាស់វិញទេ ។

កសិករឈ្មោះតៃ សុង មិនមែនជាកសិករ ស្ថិតក្នុងបណ្ដុំអាជីវកម្ម ឬក្នុងគម្រោងAIMS និងមិនមែនជាសមាជិកសហគមន៍កសិកម្មណាមួយឡើយ គាត់ដាំតាមចិត្តចង់របស់គាត់ដោយមិនមានផែនការ និងទីផ្សារច្បាស់លាស់ទេ។ គាត់មើលតាមរយៈកសិករ ដែលមកទិញពូជបន្លែរបស់គាត់ ពូជសាឡាត់មិនមានកសិកររូបណាទិញយកទៅដាំដុះទេ ហេតុដូចនេះ គាត់សន្និដ្ឋានថា មិនមានអ្នកដាំបន្លែសាឡាត់នេះទេ ទើបគាត់សម្រេចដាំឲ្យបានច្រើន ដោយមិនបានគិតគូរស្វែងរកទីផ្សារឲ្យបានច្បាស់លាស់។

ចំពោះកសិករ ស្ថិតក្នុងបណ្ដុំអាជីវកម្ម សហគមន៍កសិកម្ម ឬចង្កោមផលិតកម្មដែលរៀបចំ ដោយកម្មវិធីAPIRE និងគម្រោងAIMS មានការលក់ដាច់ជាធម្មតា មិនមានបញ្ហាអ្វីទេ ។ រីឯទិន្នផលសាឡាត់របស់គាត់ វិញ គឺមិនមែន៣០តោន ដូចដែលគាត់បានលើកឡើងនោះទេ តាមក្រុមការងារវាយតម្លៃ ប្រហែលប្រមាណ២០តោនប៉ុណ្ណោះ ។ បច្ចុប្បន្នគាត់មានដីផ្ទាល់ខ្លួន និងដីជួលគេចំនួន៣កន្លែង ដើម្បីដាំបន្លែសាឡាត់ ប៉ុន្តែជាក់ស្តែង ចម្ការរបស់គាត់ចំនួន២កន្លែង បានកាត់លក់អស់ហើយ និងកំពុងកាត់លក់បន្តក្នុងចម្ការទី៣ នៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ។

ដោយឡែក កសិករឈ្មោះហ៊ា ទូច ដែលមានឈ្មោះក្នុងឃ្លីបវីដេអូ VOD Khmer នោះ ក្រុមការងារបានធ្វើការស្រាវជ្រាវ សាកសួរអាជ្ញាធរមូលដ្ឋាន តាមរយៈឈ្មោះ និងរូបថត តែមិនមានអ្នកណាស្គាល់ទេ ។ ចំពោះមតិមួយចំនួនដែលបានបញ្ចេញក្នុងគណនីហ្វេសប៊ុកផេករបស់សារព័ត៌មានVOD Khmer ថា បន្លែនាំចូលពីប្រទេសជិតខាង(វៀតណាម)ច្រើន ជាហេតុធ្វើឲ្យបន្លែក្នុងស្រុកធ្លាក់ថ្លៃ ។ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានសាកសួរព័ត៌មានអំពីការនាំបន្លែចូលពីប្រទេសវៀតណាម តាមច្រកជ្រៃធំ ពីប្រធានច្រកទ្វារប្រចាំការ បានបញ្ជាក់ឲ្យដឹងថា បន្លែដែលនាំចូលក្នុងរដូវនេះមិនមានបន្លែប្រភេទស្លឹកច្រើនទេ ពិសេស គឺបន្លែសាឡាត់ មិនមានសោះតែម្តង ព្រោះនៅក្នុងប្រទេសយើងដាំបានច្រើនហើយ បន្លែដែលនាំចូលមានជាប្រភេទ បន្លែមើម និងផ្លែ មានដូចជា ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប ត្រាវ ល្ពៅជាដើម និងមានការត្រួតពិនិត្យអំពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ផងដែរលើគុណភាព និងសុវត្ថិភាពចំណីអាហារ-បន្លែ ។

ក្នុងសេចក្តីបំភ្លឺរបស់ក្រសួងកសិកម្ម បានបញ្ជាក់ថា វិបត្តិ COVID-19 ធ្វើឲ្យការបញ្ជារទិញថយចុះ និង បន្ទាប់ពីទឹកជំនន់បានស្រកចុះ កសិករភាគច្រើនបានឆក់យកឱកាសនេះក្នុងការផលិត ព្រោះគិតថា បន្លែកំពុងខ្វះ នឹងមាន តម្លៃខ្ពស់លើទីផ្សារ (គ្រប់គ្នាគិតបែបនេះ) ដាំដូចគ្នាច្រើន ស្របពេលអាកាសធាតុអំណោយផល មិនមានកត្តាសត្វចង្រៃបំផ្លាញ អាកាសធាតុចុះត្រជាក់ ដីទើបលិចទឹកមានជីជាតិល្អ ធ្វើឲ្យទិន្នផលបានខ្ពស់គ្រប់គ្នាៗ (ផលិតផលលើសតម្រូវការ ទីផ្សារតម្លៃធ្លាក់ចុះ) ។ កសិករមួយចំនួននៅមិនទាន់មានការផ្លាស់ប្តូរទម្លាប់ពីការដាំបន្លែតាមប្រពៃណីមកជាការដាំតាមតម្រូវការទីផ្សារនៅឡើយ (ដាំគ្មានផែនការ)។

កសិករដែលជាអ្នកដាំបន្លែឲ្យចូលរួមក្នុងបណ្ដុំអាជីវកម្ម ឬចង្កោមអ្នកផលិត ឬសហគមន៍កសិកម្ម ឬគម្រោងAIMS ដើម្បីបានភ្ជាប់ផលិត ផលរបស់ពួកគាត់ទៅនឹងទីផ្សារ ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការដាំដុះ ស្របតាមបច្ចេកទេសថ្មីធនទៅ នឹងការប្រែប្រួលអាកាសធាតុ ដែលអាចឲ្យពួកគាត់ផលិតបានពេញមួយឆ្នាំ និងបន្លែមាន គុណភាព លក់បានថ្លៃ និងងាយស្រួលស្វែងរកទីផ្សារ ។ ក្រុមការងារថ្នាក់មូលដ្ឋាន មានឃុំ សហគមន៍កសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ជួយតាមដាន និងសម្របសម្រួល គាត់(កសិករ តៃ សុង)ឲ្យបានចូលជាសមាជិក ក្នុង បណ្ដុំអាជីវកម្ម ឬចង្កោមអ្នកផលិត ឬ សហគមន៍កសិកម្ម ឬគម្រោងAIMSផងដែរ ។

ក្រសួងបានដាក់ចេញនូវដំណោះស្រាយ និងការសន្និដ្ឋានដូចខាងក្រោម ថា ក្រុមការងារថ្នាក់ខេត្ត នឹងបន្តចុះតាមដាន ជាមួយសហគមន៍កសិកម្ម និងអាជ្ញាធរមូលដ្ឋានបន្ថែមទៀត លើករណីមិនប្រក្រតី ចំពោះ កសិករដែលអនុវត្តកសិកម្ម តួយ៉ាងដូចករណីកសិករ ឈ្មោះតៃ សុង ជាឧទាហរណ៍ស្រាប់ ដោយជួយដោះស្រាយបញ្ហា តាមរយៈការណែនាំបច្ចេកទេសដាំដុះ និងផលិតឲ្យស្របតាមបច្ចេកទសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចឲ្យពួកគាត់ផលិតបានពេញ១ឆ្នាំ រួមនឹងរបៀបរៀបចំផែនការដាំដុះ(Crop calendar) ឲ្យស្របតាមតម្រូវការទីផ្សារ ទើបបានតម្លៃខ្ពស់ ។ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មន្ទីរពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងបន្តក្នុងការជួយដោះស្រាយបញ្ហា និងរកទីផ្សារ កសិកផលជូនកសិករទាំងក្នុង និងក្រៅ(គម្រោង និងកម្មវិធី) របស់មន្ទីរទាំងពីរមាន៕