ខេត្តកណ្ដាល៖ បុរសមារយាទថោកម្នាក់ ខណៈនារីជាសង្សារចូលងូតទឹកក្នុងបន្ទប់ទឹក បានឆ្លៀតឱកាសយកម៉ូតូ និងគ្រឿងអលង្ការរបស់នាងទៅលក់អស់ ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦៖០០នាទី នៅចំណុចបន្ទប់ជួលក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះសួង សុផល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។

ចំណែកជនរងគ្រោះឈ្មោះ នៅ ចន្នី ភេទស្រី អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុ បាត់បង់៖ ម៉ូតូម៉ាកHONDA ZOOMER-X ពណ៌ផ្កាឈូកលាយខ្មៅ ចំនួន១គ្រឿង និងគ្រឿងអលង្ការមួយចំនួន សរុបជាទឹកប្រាក់ប្រហែល២.៦១៣ដុល្លារអាមេរិក។

ប្រភពដដែលបន្តថា ជនសង្ស័យ និងនារីរងគ្រោះជាសង្សារនឹងគ្នាបានរស់នៅក្នុងបន្ទប់ជួលជាមួយគ្នាអស់រយៈពេល២ខែមកហើយ តែមិនសូវចុះសម្រុងនឹងគ្នាទេ ។ នារីរងគ្រោះក៏ចង់បែកពីសង្សារនេះដែរ ហើយនាងក៏បានឲ្យប្អូនស្រី២នាក់មកដេកជាមួយ ដើម្បីកុំឲ្យជនសង្ស័យជាសង្សារនេះមកដេកក្នុងបន្ទប់ជាមួយដូចមុនៗទៀត។

មុនពេលកើតហេតុ នារីរងគ្រោះបានទុកម៉ូតូ និងគ្រឿងអលង្ការមួយចំនួនដូចខាងលើក្នុងបន្ទប់ដេក ហើយបានចូលក្នុងបន្ទប់ទឹកងូតទឹក ដោយពុំបានដាក់គន្លឹះទ្វារបន្ទប់ ស្រាប់តែជនសង្ស័យ បានចូលទៅក្នុងបន្ទប់ យកម៉ូតូនិងគ្រឿងអលង្ការទាំងនោះទៅលក់អស់។ រហូតមកដល់ថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២០វេលាម៉ោងប្រហែល២០និង០០នាទីយប់ ជនរងគ្រោះបានទូរស័ព្ទហៅជនសង្ស័យឱ្យមកបន្ទប់ជួលរបស់ខ្លួន ដើម្បីសួរនាំរឿងម៉ូតូ និងក្រដាសបញ្ចាំគ្រឿងអលង្ការ ស្រាប់តែជនសង្ស័យថា បានលក់ផ្តាច់អស់ហើយ ជនរងគ្រោះក៏បានទៅប្តឹងសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឱ្យឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕