ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នេះ ជាខួបលើកទី៤២ នៃថ្ងៃកំណើត “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអតីតប្រធាន “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” បានរំលឹកថា ទម្រាំមានដូចពេលបច្ចុប្បន្ននេះ កម្ពុជា បានធ្វើដំណើរឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក។

សម្តេចពញាចក្រី ហេង សំរិន បានរំលឹកថា រណសិរ្ស២ធ្នូ ជាកម្លំាងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយសម្តេច និងសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបខ្មែរ ប៉ុលពតប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

សម្តេចបន្តថា រណសិរ្ស ២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឱ្យចាកផុតពីមហន្ដរាយ នៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្ដែបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ៕