រាជធានីភ្នំពេញ៖ ភ្ញៀវ១ក្រុមធំ ខណៈផឹកស៊ីសប្បាយជល់កែវនៅហាងលក់ស្រាក្រឡុក១កន្លែង ស្រាប់តែយុវវ័យប្រុសស្រី២នាក់ បើករថយន្តស៊េរីទំនើបអូឌីមកបុករះ បណ្ដាលឲ្យរងរបួសម្នាក់ និងរងការខូចខាតសម្ភារមួយចំនួន។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចអគ្គិសនី ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានភ្ញៀវ១ក្រុមកំពុងតែនាំគ្នាផឹកស៊ីជល់កែវ ក្នុងហាងខាងលើយ៉ាងសប្បាយរីករាយ ស្រាប់តែពេលនោះ មានរថយន្តស៊េរីទំនើប ម៉ាកអូឌី១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-7897 បោះពួយយ៉ាងលឿន តាមផ្លូវខាងលើ ក្នុងទិសដៅពីជើងមកត្បូង មកដល់ផ្លូវកោងបម្រុងបត់ តែមិនទាន់ក៏ជ្រុលទៅបុករះចូលកន្លែងលក់ស្រាក្រឡុកយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសម្នាក់និងរងការខូចខាតសម្ភារលក់ដូជាច្រើនផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ។ បន្ទាប់មក ទើបធ្វើការវាស់វែងយករថយន្ត និងម្ចាស់ទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌ ដើម្បីរង់ចាំដោះស្រាយជាមួយជនរងគ្រោះនៅពេលក្រោយ៕