ខេត្តកំពង់ឆ្នាំង៖ ករណីកសិករក្មេងចាស់ប្រុសស្រីទៅច្រូតស្រូវពុលទឹកបណ្ដាលឱ្យមនុស្សស្លាប់ស្រី២នាក់ និងមានអ្នកសម្រាកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំនួន១១នាក់ នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុសនោះ មូលហេតុដោយសារពុលទឹកអណ្តូងដែលកសិករម្នាក់ដាំឪឡឹកក្បែរនោះ បានយកធុងបាញ់ថ្នាំពុលទៅលាងក្នុងទឹកអណ្តូងនោះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន បានឱ្យដឹងថា ករណីសង្ស័យពុលទឹកដែលមានសារធាតុគីមីពុលនៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស សរុបជនរងគ្រោះចំនួន១៣នាក់ (ស្រី៨នាក់ និងប្រុស៥នាក់) ដែលមានអាយុពី៤ឆ្នាំ ដល់៥៣ឆ្នាំ ក្នុងនោះមានស្លាប់ចំនួន២នាក់ (ស្រីទាំងពីរនាក់) និង អ្នកសម្រាកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំនួន១១នាក់ ក្នុងនោះមានបុរសម្នាក់ក់ មានសភាពធ្ងន់ធ្ងរ។

តាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ថា តាមការសាកសួរចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចំពោះអ្នកភូមិជីប្រ៉ងទាំងចាស់ទាំងក្មេងដែលបានទៅច្រូតស្រូវនៅកន្លែងកើតហេតុនោះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ប្រហែលម៉ោង១១ថ្ងៃត្រង់ ក្រោយពេលសម្រាកច្រូតស្រូវ ពួកគាត់បានទៅដងទឹកអណ្តូងដែលគេជីកនៅតាមវាលស្រែយកទឹកសម្រាប់ប្រើប្រាស់ យកមកចែកគ្នាផឹកពេលបាយថ្ងៃត្រង់ ហើយកាលពីពេលព្រឹកនោះ មានគេឃើញកសិករដាំឪឡឹកក្បែរនោះ ក្រោយបាញ់ថ្នាំគីមីពុលលើដំណាំឪឡឹកគាត់រួច បានយកធុងបាញ់ថ្នាំនោះទៅលាងក្នុងទឹកអណ្តូងដែលពួកអ្នកច្រូតស្រូវបានទៅដងទឹកអណ្តូងនោះយកមកចែកគ្នាផឹក។

ក្រោយពីផឹកទឹកនោះបន្តិចមក មានស្ត្រីម្នាក់បានក្អួតចង្អោរ តែមិនមានអ្នកចាប់អារម្មណ៍ថាពុលថ្នាំគីមីនោះទេ ស្មានថាខ្យល់ចាប់។ បន្តិចក្រោយមក ក៏មានអ្នកអស់កម្លាំង ឈឺក្បាល ទន់ដៃជើង ពិបាកដកដង្ហើម និងមានរហូតដល់ស្លាប់២នាក់ ហើយ១០នាក់ទៀតត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្នុបនោះមនាម្នាក់មានអាការៈធ្ងន់ធ្ងរ។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ស្ថានភាពអ្នកពុល១០នាក់ មានសភាពបានធូរស្រាល ហើយបានចេញត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនហើយ នៅសល់តែស្ត្រីម្នាក់ អាយុ៥៣ឆ្នាំ ក៏បានធូរស្បើយពីការពុលនេះដែរ តែត្រូវនៅព្យាបាលជំងឺសួតបន្ដទៀត៕