រាជធានីភ្នំពេញ ៖ យុវជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក២០នាក់ ត្រូវបានភាគីក្រុមគ្រួសារជនរងគ្រោះ ធ្វើការឃាត់ខ្លួនប្រគល់សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ក្រោយធ្វើសកម្មភាពដោយប្រើកាំបិតប៉័ងតោ និងដាវកាប់ជនរងគ្រោះរបួសធ្ងន់ នៅចំណុចមុខតារាងបាល់ទាត់បឹងកេត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះរ័ត្ន រក្សា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែក ជនសង្ស័យឃាត់ខ្លួនឈ្មោះ ចន្ថា មករា ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ស្នាក់នៅផ្ទះជួល ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ៣នាក់ទៀត ជិះម៉ូតូ៣គ្រឿងទៅអង្គុយលេងនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ និងបក្ខពួកប្រហែល២០នាក់ ជិះម៉ូតូប្រហែល១០គ្រឿង មិនចាំម៉ាក មកឈប់ក្បែរជនរងគ្រោះ រួចនាំគ្នាយកកាំបិតប៉័ងតោ និងដាវកាប់ទៅលើជនរងគ្រោះត្រូវចំខ្នង, ដើមដៃឆ្វេង, កំភួនជើងឆ្វេង និងប្រអប់ជើងឆ្វេង បណ្តាលឲ្យដួលទៅលើផ្លូវ ទើបក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួន។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិនាំទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លុះដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង១៧និង០០នាទី ជនរងគ្រោះ និងក្រុមគ្រួសារឃើញបក្ខពួកជនសង្ស័យម្នាក់ឈ្មោះចន្ថា មករា នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕