ភ្នំពេញ៖ ប្រភពមួយបានបង្ហើបឱ្យដឹងថា មន្រ្តីប៉ូលិសប៉ុស្តិ៍ស្រះចកម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ជនសង្ស័យ៨នាក់បានឆ្លើយសារភាពថា មន្រ្តីប៉ូលិសរូបនេះជាអ្នកជួយសម្រួលដល់ការចែកចាយ និងមានពាក់ព័ន្ធការផ្ដល់ថ្នាំញៀនដពួកគេផងដែរ ត្រូវបានឃាត់ខ្លួន កាលពីវលាម៉ោង៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ពាក់ព័ន្ធបទល្មើសជួញដូរសារធាតុញៀន។

មន្រ្តីនគរបាលម្នាក់នោះ ឈ្មោះ ហីង តុលា អាយុ៣១ឆ្នាំ ឋានន្តរស័ក្តិអនុសេនីយឯក បម្រើការងារប៉ុស្តិ៍សង្កាត់ស្រះចក ។ កាលពីថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កម្លាំងអធិការដ្ឋានខណ្ឌដូនពេញ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុប៨នាក់ ដកហូតសារធាតុញៀន ចំនួន២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត យកមកសាកសួរ។

ជនសង្ស័យ៨នាក់បានឆ្លើយសារភាពថា មន្រ្តីប៉ូលិសឈ្មោះ ហីង តុលា នេះ ជាអ្នកជួយសម្រួលដល់ការចែកចាយ និងមានពាក់ព័ន្ធការផ្ដល់ថ្នាំញៀនដពួកគេផងដែរ ។តែពាក់ព័ន្ធករណីនេះ លោកមេប៉ុស្តិ៍ស្រះចក ពុំទាន់បញ្ជាក់ថាយ៉ាងណានៅឡើយទេ ។ ប៉ុន្តែមន្រ្តីនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ពិតជាមានការឃាត់ជនសង្ស័យមន្រ្តីប៉ូលិសប៉ុស្តិ៍ស្រះចកម្នាក់ ឈ្មោះហ៊ីង តុលា នេះពិតប្រាកដមែន៕