ស្រាវជ្រាវដោយ ឈឹម សេរីភួន៖នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៥១ សឺង ង៉ុកមិញ, ចាន់ សម័យ និង ចាន់ តារា បានរៀបចំឲ្យមានសន្និបាតពុទ្ធសាសនិកខ្មែរមួយ មានរយៈពេល៣ថ្ងៃ ដើម្បីអប់រំព្រះសង្ឃ និងប្រជាជនខ្មែរ ឲ្យចូលរួមក្នុងចលនាតស៊ូដណ្ដើមឯករាជ្យពីបារាំងឲ្យបានខ្លាំងក្លាថែមទៀត និងបានលើកយកវីរភាពរបស់លោកគ្រូ អាចារ្យ ហែម ចៀវ ធ្វើជាគំរូទៀតផង ។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៥១ ឡេ ឌឹកថូ មេដឹកនាំវៀតមិញ ដែលប្រចាំការនៅក្នុងប្រទេសកម្ពុជា បានស្នើឲ្យមេដឹកនាំខ្មែរឥស្សរៈជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន ធ្វើការប្រជុំពិភាក្សាគ្នា ដើម្បីបង្កើតបក្សរបស់ខ្លួន ។ តាមប្រភពពីពួកវៀតមិញ សមាជិកបក្សកុម្មុយនិស្តឥណ្ដូចិន ជាជនជាតិខ្មែរនៅក្នុងប្រទេសនៅពេលនោះ មានចំនួនប្រហែល៣០០នាក់ ចែកចេញជាសាខាបក្សយោធា២០សាខា សាខាបក្សតាមភូមិ១៦សាខា សាខាបក្សតាមស្រុក១២សាខា សាខាបក្សតាមរោងចក្រ៤សាខា និងសាខាបក្សក្រុងភ្នំពេញ ១សាខា។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ នៅភូមិត្រពាំងរូង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការគាំទ្រពួកវៀតមិញ ផងដែរ មេដឹកនាំខ្មែរឥស្សរៈដែលលម្អៀងទៅរកពួកវៀតមិញ បានបង្កើតបក្សខ្លួនឯងមួយ ហៅថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ដឹកនាំដោយគណៈកម្មាធិការមជ្ឈិមបក្ស ១៥រូប ក្នុងនោះ សឺង ង៉ុកមិញ ជាលេខាបក្ស, ទូ សាមុត ជាអនុលេខា ។ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស មាន៥រូប គឺ សឺង ង៉ុកមិញ, ទូ សាមុត , ស៊ីវ ហេង , ចាន់ សម័យ និងកែវ មុនី ព្រមទាំងកម្មាភិបាលជាន់ខ្ពស់ខ្មែរ និងវៀតណាម១០នាក់ទៀត ជាសមាជិកគណៈកម្មាភិបាលមជ្ឈិមបក្ស។ចំណែកម៉ី ផូ ដែលជាមេដឹកនាំខ្មែរឥស្សរៈម្នាក់នៅភាគពាយ័ព្យប្រទេស បន្តិចក្រោយមក ក៏ត្រូវបានចាត់តាំងឲ្យមកធ្វើជាប្រធានព័ត៌មាននៅមន្ទីរមជ្ឈិមបក្សដែលតាំងនៅភ្នំល្អាង ខេត្តកំពត។

នៅក្នុងខែកក្កដា ឆ្នាំ១៩៥១ ដោយសារព្រះមហាក្សត្រនរោត្តម សីហនុ ដឹងថា ពួកខ្មែរឥស្សរៈដឹកនាំដោយសឺង ង៉ុកមិញ និងទូ សាមុត មានពួកវៀតមិញជាអ្នកឧបត្ថមគាំទ្រគ្រប់បែបយ៉ាង ដើម្បីប្រឆាំងនឹងបារាំង ក៏ដូចជាប្រឆាំងនឹងព្រះអង្គផងដែរនោះ ព្រះអង្គក៏បានដាក់ឈ្មោះឲ្យពួកខ្មែរឥស្សរៈនេះថាពួកខ្មែរ-វៀតមិញ ចាប់ពីពេលនោះមក។ទោះបីបានបង្កើតបក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយក៏ដោយ ក៏សឺង ង៉ុកមិញ នៅតែបន្តដឹកនាំរណសិរ្សឯកភាពឥស្សរៈ(UIF) បន្តទៀត ដើម្បីសហការជាមួយចលនាតស៊ូឥស្សរៈមិនមែនកុម្មុយនិស្តផ្សេងៗទៀត ពិសេសចលនាឥស្សរៈដែលនៅក្នុងគណៈកម្មាធិការរំដោះជាតិខ្មែរ(KPLN) នៅប៉ែកពាយ័ត្យប្រទេស។ឯកសារសម្ងាត់មួយចុះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥១ របស់គណៈកម្មាធិការមជ្ឈិមបក្សពលករវៀតណាម ដែលបានផ្ញើទៅមេដឹកនាំសាខាបក្សទាំង៣ភូមិភាគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយភ្ជាប់មកជាមួយនូវពង្រាងលក្ខន្តិកៈ និងគោលនយោបាយរបស់បក្សប្រជាជនបដិវត្តន៍ខ្មែរ ជាភាសាវៀតណាមផងដែរ ដែលអាជ្ញាធរបារាំង រឹបអូសបាននោះ ត្រូវបានលោកប៊ែរណាដហ្វល ដកស្រង់ខ្លឹមសារដែលមានជាអាទិ៍ថា៖ យើងស្នើឱ្យមេដឹកនាំភូមិភាគទាំង៣ ចាត់ចែងបកប្រែខ្លឹមសារទាំងស្រុង ដែលមាននៅក្នុងឯកសារលក្ខន្តិកៈ និងគោលនយោបាយរបស់គណបក្សប្រជាជនបដិវត្តន៍ខ្មែរនេះ ហើយផ្សព្វផ្សាយតែនៅក្នុងរង្វង់អង្គការចាត់តាំងរបស់បក្សបានហើយ និងធ្វើការពិភាក្សាផ្ដល់មតិយោបល់លើពង្រាងខ្លឹមសារលក្ខន្តិកៈ និងគោលនយោបាយនោះ ដើម្បីបញ្ចូលទៅខាងគណៈកម្មាធិការមជ្ឈិមបក្ស (បក្សពលករវៀតណាម) ឲ្យបានមុនខែកុម្ភៈ ឆ្នាំ១៩៥២។ គណៈកម្មាធិការមជ្ឈិមបក្ស និងយកមតិយោបល់ទាំងនោះ ទៅធ្វើការពិចារណា និងដាក់បញ្ចូលទៅក្នុងពង្រាងដើម ដើម្បីដាក់ជូនគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ខ្មែរ អនុម័តជាផ្លូវការ មុននឹងធ្វើការផ្សព្វផ្សាយទៅក្នុងចំណោមហាជន។ចាប់តាំងពីពេលនោះមក កម្មាភិបាលរបស់បក្សប្រជាជនបដិវត្តន៍ខ្មែរមួយចំនួនធំ ក៏ត្រូវបានគេបញ្ចូនឲ្យទៅរៀនសូត្រវគ្គនយោបាយជំនាញសន្តិសុខ និងរដ្ឋបាល រយៈពេល៨ខែ នៅខេត្តហាទៀង (ខេត្តពាម) វៀតណាមខាងត្បូង ផងដែរ។

បើតាមឯកសារសម្ងាត់មួយទៀតរបស់មេដឹកនាំវៀតមិញ មួយទៀត ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៥១ ដែលអាជ្ញាធរបារាំង រឹបអូសបានដែរនោះ បានសរសេរថា បក្សរបស់វៀតណាម រក្សាសិទ្ធិក្នុងការគ្រប់គ្រងបក្សរបស់លាវ និងកម្ពុជា ជាបងប្អូន ហើយប្រសិនបើស្ថានភាពមានលក្ខណៈអនុគ្រោះ បក្សបដិវត្តន៍ទាំង៣របស់វៀតណាម កម្ពុជា និងលាវ នឹងអាចរួបរួមគ្នាជាបក្សតែមួយវិញ។ នៅក្នុងឆ្នាំ១៩៥១នោះដែរ ពួកឥស្សរៈដែលព្រះមហាក្សត្រសីហនុ ឲ្យឈ្មោះថា ពួកខ្មែរវៀតមិញ នោះ បានបង្កើតកាសែតដោយលួចលាក់មួយឈ្មោះកាសែតឥស្សរៈ ដោយមានទូ សាមុត ជាចាងហ្វាងនយោបាយ និងបានចេញផ្សាយរយៈពេលកន្លះខែម្ដង។ ក្នុងខែវិច្ឆិកា ឆ្នាំ១៩៥១ កាសែតឥស្សរៈនេះ បានចុះផ្សាយអត្ថបទស្ដីពីពិធីរំឭកខួបជ័យជម្នះបដិវត្តន៍ខែតុលា ឆ្នាំ១៩១៧ នៅសហភាពសូវៀត ដែលនេះអាចបញ្ជាក់បានថា ជាការផ្សព្វផ្សាយឥទ្ធិពលនៃលទ្ធិកុម្មុយនិស្ត ក៏អាចថាបានដែរ។​ បន្ទាប់មកទៀត ទូ សាមុត បានបង្កើតកាសែតដោយលួចលាក់មួយទៀតឈ្មោះ កាសែតសាមគ្គី ដើម្បីប្រឆាំងនឹងបារាំងផង និងបញ្រ្ជាបទ្រឹស្ដីលទ្ធិកុម្មុយនិស្តនៅក្នុងមជ្ឈដ្ឋានមហាជនផង ។ពេលនោះ ឈ្មោះព្រំ សាមិត អតីតព្រះសង្ឃគង់នៅវត្តឧណ្ណាលោម ជាមួយលោកគ្រូអាចារ្យហែម ចៀវ និងជាអ្នកចូលរួមធ្វើបាតុកម្មទាមទារឱ្យអាជ្ញាធរបារាំង ដោះលែងលោកគ្រូអាចារ្យហែម ចៀវ និងប៉ាច ឈឺន មកវិញ កាលពីឆ្នាំ១៩៤២នោះ ក៏បានចូលរួមក្នុងចលនាតស៊ូជាមួយបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែរ ដោយគាត់បានបម្រើការងារជាអ្នកនិពន្ធកាសែតឥស្សរៈ ដែលមាន ទូ សាមុត ជាចាហ្វាងនយោបាយ នោះ៕ (វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)