នៅសប្តាហ៍នេះ រាល់អតិថិជនដែលប្រើប្រាស់ App ទាន់ចិត្ត របស់ធនាគារអេស៊ីលីដា ទាំងអស់មិនត្រឹមតែអាចប្រតិបត្តិការលើការផ្ទេរប្រាក់តាមរយៈទូរស័ព្ទដៃ បង់វិក័យបត្រទឹកភ្លើង និងការទូទាត់ផ្សេងៗទៀតប៉ុណ្ណោះនោះទេ ថែមទាំងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ក្នុងទិញទំនិញផ្សារទំនើបអ៊ីអនម៉លទាំងពីរសាខា ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆកា ឆ្នាំ២០២០នេះ។

តាមរយៈប្រភពព័ត៌មានច្បាស់ការពីធនាគារអេស៊ីលីដា បានឱ្យ សារព័ត៍មាន ខេប៊ីអិនដឹងថា៖ ធនាគារអេស៊ីលីដា បានត្រៀមកាដូសម្រាប់អតិថិជននៅថ្ងៃ Black Fridayរួចរាល់ហើយពោលគឺរាល់ការចំណាយនៅផ្សារទំនើបអ៊ីអនម៉លទាំងពីរសាខាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អតិថិជនអេស៊ីលីដា នឹងទទួលបានប្រាក់ត្រលប់មកវិញរហូតដល់៣០ភាគរយ(រហូតដល់១០$)នៃទំហំទូទាត់តាមរយៈការស្កែន តាមរយៈ QR របស់អេស៊ីលីដាទាន់ចិត្ត ពោលគឺស្របពេលដែលផ្សារទំនើបអ៊ីអនម៉លទាំងពីរសាខាប្រកាសបញ្ចុះតម្លៃរហូតដល់៥០ភាគរយទៅលើមុខទំនិញពីបណ្ដាហាងជាង២៣០ហាង ក្នុងកម្មវិធីBlack Friday ដែលប្រជាពលរដ្ឋកម្ពុជា អតិថិជនផ្សារទំនើបនេះទន្ទឹងរង់ចាំជាយូរមកហើយ ។

ការផ្ដល់ជូនជាពិសេសរបស់ធនាគារអេស៊ីលីដានៅពេលនេះ គឺជាការជំរុញឱ្យអតិថិជនខ្លួនទូទាត់តាមរយៈបច្ចេកវិទ្យាទំនើបបែបឌីជីថល រហ័ស ទាន់ចិត្តនិងមានសុវត្ថិភាព ជាពិសេសនោះ ក៏អាចកាត់បន្ថយការប៉ះពាលផ្ទាល់ តាមរយៈសាច់ប្រាក់ ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩នៅកម្ពុជា តាមរយៈការកាន់សាច់ប្រាក់ពីដៃមួយទៅដៃមួយ ទោះបីជាស្ថាននៃរីករាលដាលជំងឺកូវីដ១៩បានធូរស្បើយបន្តិចក្តី។

យោងតាមរបាយការណ៍របស់ធនាគារអេស៊ីលីដាដែលបានផ្តល់អោយ សារព័ត៍មាន ខេប៊ីអិន បង្ហាញអោយដឹងថា៖ គិតត្រឹមពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២០នេះ សេវាអេស៊ីលីដាទាន់ចិត្តមានអ្នកប្រើប្រាស់សរុបទាំងអស់ចំនួន ១.៦៧០.០៤៩នាក់ ក្នុងនោះ ក៏មានដៃគូទាន់ចិត្តអាចទូទាត់បានសរុបចំនួន៤៩.៧៧៦ដៃគូ ដែលអតិថិជនអាចធ្វើការទូទាត់ការចំណាយរបស់ខ្លួនដោយមិនចាំបាច់ភ័យបារម្ភពីប៉ះពាល់សាច់ប្រាក់ឡើយ ។

ក្រៅ សេវាអេស៊ីលីដាទាន់ចិត្ត ធនាគារក៏មានម៉ាស៊ីន ATMs សរុបទូទាំងប្រទេសចំនួន៧១១អេធីអឹម និងមានម៉ាស៊ីនឆូតកាត POS របស់ធនាគារអេស៊ីលីដា សរុបចំនួន ៤.២៧៥ទៀតផង ធ្វើឱ្យអតិថិជនកាន់តែមានកាន់តែច្រើនក្នុងការទូទាត់ការចំណាយនានារបស់ពួកគាត់ ។

សូមបញ្ជាក់ផងដែរថា កម្មវិធី Black Friday របស់ផ្សារទំនើបអ៊ីអន ផលិតផលម៉ាកសញ្ញាល្បីៗលើពិភពលោករួមមាន Adidas , Puma , Ecco , Timber-land , Mango និងផលិតផលល្បីជាច្រើនទៀតនឹងបញ្ចុះតម្លៃរហូតដល់៥០ភាគរយ ហើយជាថ្ងៃពិសេសដែលអតិថិជននិងប្រជាពលរដ្ឋជាច្រើនកំពុងរង់ចាំផងដែរ ។ ការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងកម្មវិធីនោះ គឺជាជម្រើសដ៏ល្អមួយសម្រាប់អតិថិជននៅក្នុងដំណាក់កាលនៃកូវីដ១៩មិនទាន់ផុតរលត់នៅឡើយ ។មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏នឹងទទួលបានទឹកប្រាក់ត្រលប់មកវិញទៀត គ្រាន់តែទូទាត់តាម QR របស់អេស៊ីលីដាទាន់ចិត្ត ៕