រាជធានីបាងកក៖ ប៉ូលិសបានយកទូកុងតឺន័រ មកបិទផ្លូវ ដើម្បីទប់ទល់​ក្រុម​បាតុករ ដែលនាំគ្នា មកឡោមព័ទ្ធ​ការិយាល័យព្រះរាជ​ទ្រព្យរបស់​ព្រះមហា​ក្សត្រ ប៉ុន្ដែសកម្មភាពរបស់ប៉ូលិសបែបនេះ បានធ្វើឲ្យមានការ​កកស្ទះ​ចរាចរណ៍​ជាច្រើនកន្លែង នៅក្នុងទីក្រុងបាងកក។

បើតាមសារព័ត៌មានថៃ  The Nation  បានផ្សាយថា ប៉ូលិសថៃ នៅថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានយកទូកុងតឺន័រជាច្រើនគ្រឿង មកដាក់គរ​បិទផ្លូវនានា នៅជិតការិយាល័យព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ នៅក្នុង​ខ​​ណ្ឌ Dusit នាទីក្រុងបាងកក។ នៅទីនោះជាទី​ដែលក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បានប្រមូលផ្ដុំគ្នា ធ្វើបាតុកម្ម។ ប៉ុន្ដែសកម្មភាព​របស់​ប៉ូលិសបែបនេះ បានបណ្ដាលឲ្យមានការស្ទះចរាចរណ៍យ៉ាងខ្លាំង។

ការធ្វើបាតុកម្មរបស់ក្រុមយុវជនថៃនេះ បានកើតឡើង អស់រយៈពេល​ជា​ច្រើនខែមកហើយ ដោយពួកគេទាមទារចំណុចសំខាន់ៗជាច្រើន រួមមាន ទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង, ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលតាក់តែងឡើងដោយរបបយោធា និងធ្វើកំណែ​ទម្រង់​របបរាជានិយម៕