ប្រទេសចិនបានបង្ហោះយានអវកាសគ្មានមនុស្សបើកមួយគ្រឿងទៅកាន់ឋានព្រះច័ន្ទ ក្នុងបេសកកម្មមួយ ដើម្បីនាំយកគំរូពីផ្ទៃឋានព្រះចន្ទមកវិញ។ទូរទស្សន៍រដ្ឋចិន បានរាយការណ៍ថា គ្រាប់រ៉ុក្កែតមួយដែលផ្ទុកយានអវកាសឆាងអ៊ី ៥ (Chang’e 5 ) បានបង្ហោះចេញពីមជ្ឈមណ្ឌលអវកាសមួយនៅលើកោះហៃណាន ភាគខាងត្បូងប្រទេសចិន ។

ប្រទេសចិនចាត់ទុកបេសកកម្មនេះ គឺជាបេសកម្មដ៏សំខាន់មួយនៃកម្មវិធីអវកាសរបស់ខ្លួន។ កាលពីឆ្នាំមុនប្រទេសចិនបានក្លាយជាប្រទេសដំបូងគេដែល បានចុះចតយានអវកាសគ្មានមនុស្សបើកនៅផ្នែកឆ្ងាយនៃព្រះច័ន្ទ។ ការប្រាស្រ័យទាក់ទងគ្នារវាងយានអវកាសមួយនៅចំងាយឆ្ងាយនៃព្រះចន្ទនិងការគ្រប់គ្រងបេសកកម្មនៅលើផែនដី ពិតជាមានការលំបាកដោយសាររលកវិទ្យុមិនអាចទៅដល់ទីនោះបាន។

ចំណាប់អារម្មណ៍ នៅក្នុងបេសកកម្មទៅឋានព្រះចន្ទកំពុងតែកើនឡើងក្នុងនោះដែរសហរដ្ឋអាមេរិកកំពុងដឹកនាំកម្មវិធី Artemis ដែលជាកម្មវិធីអន្តរជាតិក្នុងការសាងសង់ទីតាំងថ្មី នឹងធ្វើដំណើរជុំវិញគន្លងព្រះចន្ទ ហើយបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទ។ ដោយឡែក ប្រទេសជប៉ុនបានប្រកាសការចូលរួមរបស់ខ្លួននៅក្នុងកម្មវិធីនេះផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលចិនមានមហិច្ឆិតាចង់ក្លាយជាមហាអំណាចអវកាសមួយនៅឆ្នាំ ២០៣០ ហើយការប្រកួតប្រជែងក្នុងចំណោមប្រទេសចិន អាមេរិក និងរុស្ស៊ី ត្រូវបានគេរំពឹងថានឹងកាន់តែខ្លាំងឡើង។