យល់ដឹង៖ ចំពោះអ្នកម្ដាយគ្រប់រូបតែងតែមានអារម្មណ៍ថា មិនសប្បាយចិត្ត នៅពេលដែលជួបនូវបញ្ហាកូនមិនទាន់ចេះនិយាយ ខណះដែលពួកគេមានអាយុរាងច្រើន ហើយក៏បានស្វែងរកគ្រប់វិធីដើម្បីឲ្យកូនឆាប់ចេះនិយាយផងដែរ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ដូច្នេះសូមអ្នកម្ដាយទាំងអស់ឈប់ព្រួយបារម្ភទៀតទៅ ថ្ងៃនេះ KBN និងនាំយកវិធីសាស្ត្រធំៗ មកបង្ហាញ ដើម្បីជ្រាបកាន់តែច្បាស់អានសេចក្ដីលម្អិតដូចខាងក្រោម៖

១. ចាប់ផ្តើមនិយាយទៅកាន់កូនអោយបានច្រើនជាងមុន៖ ការនិយាយសន្ទនាជាមួយកូនគឺជាកត្តាជម្រុញដ៏សំខាន់មួយសំរាប់អោយកូនរបស់អ្នកឆាប់ចេះនិយាយ ព្រោះថានៅពេលដែលអ្នកចំនាយពេលនិយាយជាមួយពួកគេ ពួកគេនឹងរៀនចេះពាក្យច្រើនពីការសន្ទនានោះ។

២. នៅពេលដែលពួកគេចេះមួយពាក្យៗ ចាប់ផ្តើមចាប់ពាក្យពីរបីម៉ាត់ចូលបន្ថែមទៀត៖​ វិធីម្យ៉ាងទៀតនៅក្នុងការផ្ចុងផ្តើមកូនអោយឆាប់ចេះនិយាយ គឺតាមរយះការបន្ថែមពាក្យទៅអោយពួកគេ។ ជាទូទៅ ក្មេងចាប់ផ្តើមដោយពាក្យតែមួយម៉ាត់ប៉ុណ្ណោះ ដូច្នេះហើយនៅពេលដែលពួកគេចេះប្រើពាក្យទាំងនោះហើយ អ្នកគួរតែឧស្សាហ៍បន្ថែមពាក្យថ្មីដើម្បីបង្រៀនអោយពួកគេចេះប្រើរួមគ្នា។

៣. បង្រៀនពាក្យពួកគេ ដោយអ្នកនិយាយដដែលៗជាមួយនឹងពាក្យនោះ៖ ដើម្បីអោយកូនក្មេងឆាប់ចាប់បានពាក្យដែលអ្នកបង្រៀន អ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ពាក្យនោះជាមួយពួកគេម្តងហើយម្តងទៀត ដើម្បីអោយពាក្យទាំងនោះចងចាំនៅក្នុងខួរក្បាលរបស់ពួកគេ។

៤. លេងល្បែងផ្សេងៗជាមួយកូន៖ វិធីដែលជួយអោយកូននិយាយបានច្រើនផងនោះ គឺតាមរយះការលេងល្បែងផ្សេងៗជាមួយកូន ជៀសវាងអោយពួកគេប្រើប្រាស់តែប្រព័ន្ធអេឡិចត្រូនិច។ ការធ្វើដូចនេះ អាចនឹងជួយបង្វែរចំណាប់អារម្មណ៍របស់កូនអោយចង់ព្យាយាមនិយាយមកកាន់អ្នក ដើម្បីលេងជាមួយអ្នកកាន់តែច្រើនទៀត។

៥. សួរជាសំនួរទៅកាន់កូនជាប្រចាំ៖ វិធីមួយទៀតដើម្បីបង្ខំអោយកូនឆាប់ចេះនិយាយគឺ ការសួរសំនួរជាប្រចាំដដែលៗទៅកាន់កូន ព្រោះការធ្វើដូចនេះនឹងធ្វើអោយកូនរបស់អ្នកទម្លាប់ត្រចៀកទៅនឹងសំនួរទាំងនោះ ហើយធ្វើអោយពួកគេរៀនឆ្លើយនឹងអ្នកទៀតផង។

៦. ប្រើប្រាស់សម្ភារះផ្សេងៗនៅពេលបង្រៀនកូន៖ ការប្រើប្រាស់ឧបករណ៍ រឺសម្ភារះផ្សេងៗមកបង្រៀនកូនក្នុងការនិយាយជារឿងដែលមានប្រសិទ្ធិភាពមួយ ព្រោះការក្មេងឆាប់ចាប់បានអ្វីដែលអ្នកបង្រៀននៅពេលដែលពួកគេមើលឃើញពីរបស់នោះ ជាជាងនៅពេលដែលអ្នកគ្រាន់តែនិយាយមាត់ ព្រោះខួរក្បាលរបស់ពួកគេមិនទាន់ចេះស្ទាត់ដូចមនុស្សធំនោះឡើយ៕

ប្រភព៖ បងពេទ្យចិត្តល្អ​