ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ និងក្មួយស្រីក្រមុំម្នាក់ ខណៈកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តក្រុងបូព៌ាអាស៊ីដឹកអ្នកដំណើរ បុកបណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មអស់រយៈពេលជិត៨ខែមកហើយ មិនទាន់ទទួលបានប្រាក់សំណងសោះ ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះពិបាកនឹងទទួលយកណាស់ និងស្នើសុំតុលាការខេត្តកំពង់ឆ្នាំង ពន្លឿនធ្វើការដោះស្រាយផង។

ស្ត្រីឈ្មោះ ទួន លីម អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់បណ្តាញសារព័ត៌មាន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ប្តីប្រពន្ធគាត់ មានកូន៣នាក់ ដោយកូនស្រីច្បង ឈ្មោះឈាន គឹមលី អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០ ប៉ុន្តែកូនស្រីនេះ ត្រូវរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនបូព៌ា អាស៊ី (BPA) បុកស្លាប់ជាមួយនិងប្អូនថ្លៃស្រីរបស់គាត់ម្នាក់ទៀតឈ្មោះ ភឹម ស្រីនាង អាយុ២៨ឆ្នាំ កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២០ ។

ស្រ្តីជាម្តាយរូបនេះ បន្តទាំងក្តុលក្តួលថា នៅថ្ងៃកើតហេតុ កូនស្រី និងប្អូនស្រីម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងឌុបគ្នា២នាក់ ធ្វើដំណើរទៅលេងផ្ទះយាយរបស់គេនៅឃុំត្រពាំងចាន់ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក៏ត្រូវបានរថយន្តក្រុងខាងលើដែលធ្វើដំណើរស្របទិសគ្នា បុកពីក្រោយ បណ្តាលឲ្យស្លាប់ទាំងពីរនាក់តែម្តង។ ក្រោយសមត្ថកិច្ចធ្វើការវាស់វែងនៅកន្លែងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ គឺភាគីរថយន្តក្រុងជាអ្នកបង្កទាំងស្រុង ហើយក្រោយមកតំណាងក្រុមហ៊ុនបានចូលខ្លួន មកដោះស្រាយម្ដងដែរ ដោយកាលណោះក្រុមហ៊ុនហ៊ានចេញសងតែតម្លៃ ៤ ៥០០ដុល្លារ ទៅលើមនុស្សស្លាប់២នាក់ និងខូចខាតទាំងស្រុងនូវម៉ូតូសង់ឆ្នាំ២០១១ មួយគ្រឿង តម្លៃ១ ៧០០ដុល្លារ (ម៉ូតូខូចខាតទាំងស្រុង)។ តែក្រោយមកទៀត ខាងក្រុមហ៊ុនបានទូរស័ព្ទមកចរចា ដោយព្រមព្រៀងគ្នាក្នុងតម្លៃ ៦ ០០០ដុល្លារ តែការសន្យា របស់ក្រុមហ៊ុនគឺសន្យាតែខ្យល់ បើគិតមកពេលនេះ មានរយៈពេលជិត៨ខែហើយ គឺក្រុមគ្រួសារគាត់មិនទាន់ទទួលប្រាក់សំណង សូម្បីតែ១រៀល។

ស្ត្រីរូបនេះ បញ្ជាក់ថា ពេលធ្វើបុណ្យសព និងគម្រប់៧ថ្ងៃ ឲ្យកូនស្រី និងប្អូនស្រីគាត់ ក្រុមគ្រួសារគាត់ បានខ្ចីប្រាក់ជាច្រើនណាស់ មិនទាន់មានលទ្ធភាពសងគេវិញឡើយ ដូចនេះ ក្រុមគ្រួសារគាត់ ស្នើសុំសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាស្ថាប័នតុលាការ សូមលោកមេត្តាជួយកោះហៅតំណាង ក្រុមហ៊ុនរថយន្តក្រុងខាងលើនេះ មកធ្វើការដោះស្រាយជាមួយនឹងក្រុមគ្រួសាររបស់គាត់ឲ្យបានឆាប់ផង ព្រោះជីវិតកូនស្រីជាទីស្រលាញ់ និងប្អូនស្រីគាត់ មិនអាចស្លាប់ទៅដោយទទេៗបែបនេះបានទេ។ ជុំវិញនឹងករណីនេះ «KBN» រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕