ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោកចូកូ វីដូដូ បាននិយាយថាប្រទេសរបស់លោកបានចាប់យកយកប្រយោជន៍ពីវិបត្តិជំងឺរាតត្បាតកូវិត-១៩ ដើម្បីធ្វើកំណែទម្រង់រចនាសម្ព័ន្ធតាមរបៀបខុសប្លែកពីធម្មតា។ លោក វីដូដូ បាននិយាយនៅក្នុងសុន្ទរកថារបស់លោកនៅក្នុង វេទិកាកិច្ចសន្ទនា នាយកប្រតិបត្តិ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២០ ថា យើងធ្វើឱ្យប្រសើរឡើងនូវបទបញ្ញតិ ដែលមានស្រាប់ដើម្បីផ្លាស់ទីឱ្យបានលឿនក្នុងពេលមានការលំបាក ដើម្បីត្រៀមបើកទ្វារឱ្យទូលាយតាមដែលអាចធ្វើទៅបានសម្រាប់អ្នកជំនួញនិងវិនិយោគិនតាមវិធីថ្មី ។

យោងតាមប្រមុខរដ្ឋបានឱ្យដឹងថា កាលពីប៉ុន្មានសប្តាហ៍មុន ប្រទេសឥណ្ឌូនេស៊ី បានអនុម័តច្បាប់ លើការបង្កើតការងារ ក្នុងគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្មនិងបរិយាកាសវិនិយោគ ប្រកបដោយគុណភាពសម្រាប់អ្នកជំនួញរួមមានសហគ្រិនខ្នាតតូចនិងមធ្យមនិងវិនិយោគិនបរទេស។ បទប្បញ្ញត្តិ និងនីតិវិធីស្មុគស្មាញ ត្រូវបានកាត់បន្ថយ ហើយការយកពន្ធខុសច្បាប់ដែលបានរារាំងដល់ពាណិជ្ជកម្មនិងការវិនិយោគ ក៏ត្រូវបានលុបចោលផងដែរ ខណៈពេលដែលយើងប្តេជ្ញាការពារបរិស្ថាន។

លោកប្រធានាធិបតី បានពន្យល់ថាដំណើរការផ្តល់អាជ្ញាប័ណ្ណពាណិជ្ជកម្ម និងការវិនិយោគមានលក្ខណៈកាន់តែសាមញ្ញ និងត្រូវបានពន្លឿនបន្ថែមទៀត ខណៈតម្រូវការសម្រាប់ការ វិនិយោគមានលក្ខណៈកាន់តែសាមញ្ញ ហើយការផ្តល់អាជ្ញាបណ្ណពាណិជ្ជកម្មសម្រាប់អាជីវកម្ម ខ្នាតតូចមិនត្រូវការទៀតនោះទេ។ថ្លៃសេវាខុសច្បាប់ និងអំពើពុករលួយត្រូវបានលុបដោយការបញ្ចូលដំណើរការអាជ្ញាប័ណ្ណទាំងមូលទៅក្នុងប្រព័ន្ធផ្តល់អាជ្ញាប័ណ្ណអេឡិចត្រូនិកតាមរយៈប្រព័ន្ធបញ្ជូនតាមអ៊ិនធឺរណេតតែមួយប៉ុណ្ណោះ។

លោកបានបន្ថែមថាសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ និងមានភាពងាយស្រួលជាងមុន។លោកវីដូដូ បានគូសបញ្ជាក់ថា ការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី និងកំពង់ផែសេរីនឹងត្រូវបានធ្វើឱ្យមានភាពងាយស្រួលនិងទាក់ទាញជាងមុន ជាមួយនឹងគ្រឿងបរិក្ខារ និងការលើកទឹកចិត្តផ្សេងៗ។