ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ក្រោយពីព្រឹត្តិការណ៍វាយប្រហារក្រុងសៀមរាប យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៤៦នោះ ប៉ុណ្ណ ចន្ទម៉ុល បានធ្វើដំណើរជាមួយឪពុកមាគាត់ឈ្មោះ ប៉ុក គុណ (ឬ ប៉ុក ផល្គុណ) ហៅតាត្រឡាច ជាមេខ្មែរឥស្សរៈតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៤០ ដែលលម្អៀងទៅរកសៀមនោះ ទៅទីក្រុងបាងកក ដោយបោះបង់ចោលទីតាំងតស៊ូនោអន្លង់វិលនោះ ព្រោះពេលនោះបារាំង បានទាមទារយកខេត្តបាត់ដំបង ពីសៀមវិញ បើហ៊ានរស់នៅទីនោះទៀត បារាំង ប្រាកដជាចាប់យកទៅដាក់គុកកោះត្រឡាច ជាថ្មីម្ដងទៀតមិនខាន ព្រោះកាលគាត់ជាប់គុកកោះត្រឡាច មិនទាន់គ្រប់៥ឆ្នាំតាមសាលក្រមនៅឡើយទេ តែបានកងទ័ពជប៉ុន ទៅយកគាត់ចេញពីគុកកោះត្រឡាច នោះ មកក្រុងភ្នំពេញ វិញ ជាមួយ ប៉ាច ឈឿន និង នួន ឌួង កាលពីខែកុម្ភៈ ឆ្នាំ១៩៤៥។ ម្យ៉ាងទៀតលោក សឺង ង៉ុកថាញ់ ជាមេដឹកនាំរបស់គាត់ ក៏ត្រូវបានបារាំងចាប់យកទៅឃុំទុកនៅប្រទេសបារាំងដែរ។

នៅទីក្រុងបាងកក ប៉ុក គុណ (ឬ ប៉ុក ផល្គុណ) ហៅតាត្រឡាច ជាឪពុកមា និងលោកប៊ុណ្ណ ចន្ទម៉ុល ជាក្មួយ បានដើររកទិញអាវុធដែលកាលនោះ មានតែកាំភ្លើងការ៉ាប៊ីន មីត្រៃយើ និងគ្រាប់បែកប៉ុណ្ណោះ ដើម្បីបញ្ជូនមកឱ្យពួកខ្មែរឥស្សរៈ ដែលនៅក្នុងប្រទេស ដោយដឹកតាមរថយន្តឈ្នួលធំៗពីក្រុងបាងកក មកអារញ្ញ និងដឹកតាមរថភ្លើង មកសុរិន្ទ ដោយលាក់អាវុធទាំងនោះ នៅក្នុងការ៉ុងអង្ករ ឬក្នុងរមូលកន្ទេល។ ការលួចដឹកកាំភ្លើងតាមរថភ្លើងមកសុរិន្ទ មិនសូវមានអ្វីគួរឱ្យព្រួយបារម្ភប៉ុន្មាន ដូចការលួចដឹកតាមរថយន្តឈ្នួលធំៗ ចូលមកតាមអារញ្ញនោះទេ ។

ប៊ុណ្ណ ចន្ទម៉ុល បានរំលឹកថា ថ្ងៃមួយ វេលាម៉ោង៤រសៀល ពួកគាត់មានគ្នា៨នាក់ បានទិញអាវុធគ្រប់ធុនជាច្រើនដើម នៅទីក្រុងបាងកក ហើយលើកដាក់លើរថយន្តឈ្នួលធុនធំមួយ ដើម្បីលួចចេញឆ្ពោះមកអារញ្ញ ក្បែរព្រំដែនខ្មែរ ស្រាប់តែកម្លាំងរាជអាវុធហត្ថសៀម ប្រមាណ១០០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បាននាំគ្នាមកឡោមព័ទ្ធរថយន្តដែលរៀបចេញដំណើរនោះ ហើយភ្ជង់កាំភ្លើង បញ្ជាឲ្យពួកគាត់លើកដៃឡើងលើទាំងអស់គ្នា និងកុំអោយកម្រើកឱ្យសោះ។ ពេលនោះ មានខ្មែរម្នាក់ឈ្មោះអាចារ្យ ហេង បានប្រាប់កងរាជអាវុធហត្ថសៀមថា អាវុធទាំងអស់នេះ មានច្បាប់អនុញ្ញាតពីរាជការសៀម ឱ្យទិញ និងដឹកចេញទៅប្រទេសខ្មែរ ទើបកងរាជអាវុធហត្ថសៀម នាំគ្នាដកថយទៅវិញ ដោយទុកតែគ្នាគេ២នាក់ នៅយាមការពារសិន ដើម្បីរង់ចាំពួកគេសួរបញ្ជាក់ពីថ្នាក់លើរបស់ពួកគេសិន។ ប៊ុណ្ណ ចន្ទម៉ុល និងសហការី នាំគ្នាដេកនៅនឹងរថយន្តដឹកកាំភ្លើងនោះមួយយប់ រហូតដល់ស្អែកឡើងម៉ោង១១ព្រឹក ទើប ប៉ុក គុណ ហៅតាត្រឡាច ជាឪពុកមាគាត់ យកលិខិតអនុញ្ញាតពីរាជការសៀម មកបង្ហាញកងរាជអាវុធហត្ថសៀម ដែលនៅយាមការពារទីនោះ ទើបគេព្រមឱ្យចេញដំណើរពីក្រុងបាងកក រហូតដល់ម៉ោង៤ភ្លឺ ទើបដល់អារញ្ញ។
ក្រោយពីឈប់សម្រាកនៅអារញ្ញ ប្រហែល៤ម៉ោង រថយន្តក៏បន្តដំណើរមកខេត្តបាត់ដំបង កាត់តាមស៊ីសុផុន រហូតដល់ម៉ោង១២ថ្ងៃ

ត្រង់ ទើបទៅដល់វត្តមួយឈ្មោះ វត្តភ្នំទ្រង់បាត្រ កំពង់ថ្កូវ ដែលជាទីបញ្ជាការមួយរបស់ខ្មែរឥស្សរៈ ក៏បានប្រគល់អាវុធទាំងអស់នោះឲ្យអ្នកទទួលខុសត្រូវនៅទីនោះ ចាត់ចែងបន្តទៀតទៅឲ្យក្រុមខ្មែរឥស្សរៈ ដែលនៅក្រោមបញ្ជារបស់ដាប ឈួន និងហែម សាវ៉ាង ព្រមទាំងអ្នកផ្សេងៗទៀត។ លុយកាក់ដែលយកទៅទិញកាំភ្លើងពីក្រុងបាងកកមកនោះ បានមកពីពួកឥស្សរៈនៅក្នុងខេត្តបាត់ដំបងនោះ ដែលបានដើររៃអង្គាសពីប្រជារាស្រ្តនៅតាមមូលដ្ឋាន ដែលពួកគេកាន់កាប់។
នៅក្នុងខែតុលា ឆ្នាំ១៩៤៦ មេដឹកនាំឥស្សរៈម្នាក់ឈ្មោះ នេត លាងសាយ ដែលបានចូលរួមធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ ត្រូវបានទាហានរាជការខ្មែរ-បារាំង ពួនស្ទាក់បាញ់សម្លាប់ នៅក្នុងខេត្តកំពង់ស្ពឺ។

កាលពីចុងឆ្នាំ១៩៤៥ រដ្ឋាភិបាលសៀម បានជ្រោមជ្រែង ប្រមែប្រមូលចលនាតស៊ូខ្មែរឥស្សរៈជាច្រើនក្រុម ឲ្យរួបរួមគ្នាបង្កើតជាគណៈកម្មាធិការឥស្សរៈមួយ ដែលមានមូលដ្ឋាននៅក្នុងប្រទេសសៀម ហើយក្នុងចំណោមសមាសភាពដឹកនាំគណៈកម្មាធិការនេះ ចំណោម១២នាក់ គឺមានតែ ម៉ី ផូ ម្នាក់ប៉ុណ្ណោះ ដែលមានគោលជំហរលម្អៀងទៅលើពួកវៀតមិញ។ ប៉ុន្តែដោយសារគណៈកម្មាធិការឥស្សរៈនេះចេះតែមានជម្លោះបែកបាក់ មិនស៊ីសង្វាក់គ្នានោ នៅដើមឆ្នាំ១៩៤៦ នៅផ្ទះរបស់ឥស្សរជនសៀមម្នាក់ឈ្មោះ ផៅ ផលិត អភ័យវង្ស នៅក្រុងបាងកក បានប្រជុំគ្នាបង្កើតគណៈកម្មាធិការថ្មីមួយទៀត ឲ្យឈ្មោះថាគណៈរួមជាតិ ជំនួសគណៈកម្មាធិការឥស្សរៈនោះវិញ ។

ផៃផលិត អភ័យវង្ស ធ្លាប់កាន់ដំណែងជាចៅហ្វាយខេត្តបាត់ដំបង កាលនៅក្រោមការគ្រប់គ្រងរបស់សៀម និងត្រូវជាបងថ្លៃរបស់ ប៉ុក គុណ (ឬ ប៉ុក ផល្គុណ) ហៅតាត្រឡាច ហើយក៏ជាចៅអតីតមន្រ្តីជាន់ខ្ពស់ខ្មែរម្នាក់ឈ្មោះចៅហ្វ៊ាបែន ដែលបានចុះចូលជាមួយសៀម និងបានត្រួតត្រាខេត្តបាត់ដំបង, សៀមរាប និងកំពង់ធំ ចាប់ពីឆ្នាំ១៧៩៥មក ដែលកាលនោះ ខេត្តទាំង៣នេះ ត្រូវធ្លាក់នៅក្នុងកណ្ដាប់ដៃសៀម ។

គណៈកម្មាធិការរួមជាតិរូបនេះ ហៅកាត់ថា គ.រ.ជ មានសមាជិក១៤រូប ដូចជា ប៉ុក គុណ ហៅតាត្រឡាច , ដាប ឈួន , ព្រះអង្គម្ចាស់ នរោត្តម ចន្ទរង្សី , រស់ យឿន , ម៉ី ភូរិន្ទ , កែវ តក់ , ស្ត្រីឈ្មោះ លាត មួន (បងចិញ្ចឹមកែវ តក់) , ហែម សាវ៉ាង , ម៉ៅ សារួត , ប្រាក់ សាវិន ជាដើម ។ ប៉ុន្តែមេដឹកនាំធំរបស់ គ.រ.ជ នោះគឺ ផៅ ផលិត អភ័យវង្ស និងជនជាតិសៀម២នាក់ទៀត។

នៅក្នុងខែធ្នូ ឆ្នាំ១៩៤៦ បារាំង បង្ខំឱ្យរដ្ឋាភិបាលសៀម ប្រគល់ទឹកដីខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ មកឲ្យខ្មែរវិញ ។ ពេលនោះ កែវ តក់ ជាមេចលនាឥស្សរៈដែលគាំទ្រដោយរដ្ឋាភិបាលសៀម និងជាកូនចិញ្ចឹមរបស់អាណិកជនចិនម្នាក់ ឈ្មោះ កែវ ដែលសៀមតែងតាំងឱ្យធ្វើជាចៅហ្វាយ ស្រុកសំរោង តាំងពីមុនមានកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧នោះ បានបើកអង្គប្រជុំដ៏ធំមួយ នៅជិតផ្សារក្រុងបាត់ដំបង ដោយមាន ផៅ ផលិត អភ័យវង្ស ជាមេដឹកនាំធំពីលើគណៈកម្មាធិការរួមជាតិ និងឈ្មោះយ៉ាត វ៉ាយឌី ជាអ្នកទទួលខុសត្រូវវិស័យសិក្សាធិការ នៅប្រទេសសៀម ព្រមទាំងមន្រ្តីជាន់ខ្ពស់សៀម២នាក់ទៀត ហើយដាប ឈួន ក៏មានវត្តមានជាអធិបតីនៅក្នុងអង្គប្រជុំនោះដែរ។ ពេលនោះ យ៉ាត វ៉ាយឌី បានព្យាយាមពន្យល់ប្រជាជន និងកូនសិស្សខ្មែរថា យើងជាជនជាតិថៃ និងជាបងប្អូននឹងគ្នា ប៉ុន្តែយើងបែកបាក់គ្នា ដោយសារតែពួកអាណានិគមនិយមបារាំង ឥឡូវយើងបានមកជួបជុំគ្នានៅលើទឹកដីមួយដុំនេះ យើងមានស្ដេចថៃមួយអង្គ ជាអ្នកគ្រប់គ្រង ។

បន្ទាប់មក កែវ តក់ ដែលជាដៃជើងរបស់យ៉ាត វ៉ាយឌីនោះ បានស្នើសុំឱ្យ យ៉ាត វ៉ាយឌី នេះ ធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់ចលនាតស៊ូរបស់ខ្លួន ហើយយ៉ាត វ៉ាយឌី ,កែវ តក់ និងដាប ឈួន ក៏បានផឹកទឹកសម្បថជាមួយគ្នា ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ទៅវិញទៅមកទៀតផង។
កែវ តក់នេះមានឈ្មោះជាភាសាសៀមមួយទៀត គឺ តួលឹម ត្រាគុណ ជាអតីតអ្នកជំនួញដ៏ធំម្នាក់នៅខេត្តសៀមរាប ។ ពួកសៀម បានសន្យាថានឹងជួយផ្ដល់អាវុធដល់ចលនាតស៊ូឥស្សរៈគណៈរួមជាតិ (គ.រ.ជ) នេះផងដែរ។ ប៉ុន្តែបើតាមភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់បារាំង បានរាយការណ៍ថា គណៈរួមជាតិនោះ រង់ចាំអាវុធដែលសៀមសន្យាផ្ដល់ឱ្យ អស់រយៈពេលជាច្រើនខែនៅតែមិនឃើញទៀត គេក៏សម្រេចចិត្តរកលុយទិញអាវុធនោះដោយខ្លួនឯង ហើយពួកសៀមនោះ គ្រាន់តែជាឈ្មួញក្នុងការជួញដូរអាវុធ ដើម្បីរកប្រាក់ចំណេញតែប៉ុណ្ណោះ។

នៅចុងខែធ្នូ ឆ្នាំ១៩៤៦ នៅភូមិខ្ចៅពួយ ស្ថិតនៅខាងត្បូងក្រុងបាត់ដំបង ប្រមាណ៨គីឡូម៉ែត្រ អ្នកភូមិនោះភាគច្រើនជាអ្នកកាន់សាសនាកាតូលិក ត្រូវពួកឥស្សរៈសម្លាប់នឹងផ្លែដាវ អស់ជាង១០០នាក់។ តែទោះបីយ៉ាងនេះក៏ដោយ ក៏តំណាងឥស្សរៈខ្មែរ និងតំណាងឥស្សរៈលាវ ដែលបានធ្វើដំណើរទៅដល់ស្ថានបេសកកម្មទូតរបស់វៀតមិញ នៅទីក្រុងបាងកក ប្រទេសថៃនោះ បានផ្ញើសារលិខិតរួមគ្នាមួយ ទៅជូនលោកត្រាវ លី(TRYGVE LIE) ជនជាតិន័រវេ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលទើបបង្កើតឡើង ថ្ងៃទី ២៤ តុលា ឆ្នាំ១៩៤៥ ដើម្បីសុំជួយអន្តរាគមន៍ឲ្យប្រទេសបារាំង ប្រគល់ឯករាជ្យដល់ប្រទេសខ្មែរ និងលាវ វិញ ។

នៅដើមខែមករា ឆ្នាំ១៩៤៧ តំណាងពួកវៀតមិញ នៅក្រុងបាងកក ក៏បានធ្វើសារលិខិតមួយស្ដីពីបញ្ហាឯករាជ្យនេះ ទៅជូនលោកអេវិន អែហ្វ ស្តេនតុន (EDWIN F STANTON) ជាតំណាងសហរដ្ឋអាមេរិក នៅក្រុងបាងកក ផងដែរ ហើយលោកអេវីន អែហ្វ ស្តេនតុន ក៏បានទទូចឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្វើយ៉ាងណា សូមឱ្យអង្គការសហប្រជាជាតិ គិតគូរពីបញ្ហាឯករាជ្យនៅឥណ្ឌូចិននេះឲ្យបានឆាប់រហ័សផង ព្រោះបើពុំដូច្នេះទេ នឹងមានបញ្ហាវឹកវរធ្ងន់ធ្ងរជាមិនខាន។ ប៉ុន្តែក្រសួងការបរទេសអាមេរិក បានប្រាប់មកលោកអេវិន អែហ្វ ស្តែនតុន វិញថា គួរតែបញ្ជូនសារលិខិតទាំងអស់នោះ ទៅឲ្យម្ចាស់ដើមគេវិញ ៕ (វាយអត្ថបទដោយ៖ កញ្ញាកែវ សុផានិត)