ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖​ សោ ភឹម មានកូន៤នាក់ ទី១ ឈ្មោះ ស៊ី (ស្រី) ,ទី២ ឈ្មោះ ណាត (ប្រុស), ទី៣ ឈ្មោះ កាដេ (ស្រី) និងទី៤ ឈ្មោះ ឃុច ។

ក្រោយសន្និសីទក្រុងសឺណែវ ឆ្នាំ១៩៥៤ សោ ភឹម មិនបានធ្វើដំណើរជាមួយកងទ័ពវៀតមិញ ទៅរស់នៅវៀតណាមភាកខាងជើងដូចមេដឹកនាំតស៊ូ មួយចំនួនផ្សេងទៀតទេ គឺគាត់នៅក្នុងប្រទេស ដើម្បីធ្វើការតស៊ូនយោបាយសម្ងាត់បន្តទៀត ដោយប្រកបមុខរបរធ្វើស្រែ និងជាងធ្វើផ្ទះ ។ នៅដើមឆ្នាំ១៩៦៣ ពួកមេដឹកនាំខ្មែរក្រហម សាឡុត ស និង នួន ជា បានបើកមហាសន្និបាតបក្សពលករខ្មែរ លួចលាក់នៅក្រុងភ្នំពេញ ដើម្បីប្តូរឈ្មោះបក្សពលករខ្មែរ ដែលបង្កើតឡើងកាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ មកជាបក្សកម្មុយនិស្តកម្ពុជា វិញ ហើយសាឡុត ស ឡើងជាលេខាបក្ស ជំនួស ទុ សាមុត នោះ សោ ភឹម ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តកម្ពុជា នោះដែរ ត្រូវចាត់តាំងឱ្យធ្វើជាមេដឹកនាំនៅប៉ែកបូព៌ាប្រទេស ។ នៅឆ្នាំ១៩៦៨ សោ ភឹម បានព្យាយាមពង្រីកកម្លាំងតស៊ូបន្តិចម្ដងៗ រហូតដល់មានបើកវគ្គរៀនសូត្រនយោបាយបដិវត្តន៍ និងយុទ្ធវិធីធ្វើសង្រ្គាមឈ្លបផងដែរ ។ ជាមួយនឹងសហការរី របស់គាត់ដូចជា ភួង , ចាន់ សេងហុង , សួស ណូ ហៅឈូក , ទា សាប៊ុន , ហេង សំរិន និង ចាន់ ចក្រី ដែលទើបតែរត់គេចខ្លួនពីការបង្រ្កាបរបស់ពួកទាហានលន់ នល់ នៅសំឡូត ខេត្តបាត់ដំបងក្នុងឆ្នាំ១៩៦៧ មករស់នៅភូមិភាគបូព៌ានេះដែរ។

ក្រោយដឹងថាមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ ថ្ងៃទី១៨ មីនា ១៩៧០ សោ ភឹម ដែលកំពុងប្រជុំថ្នាក់ដឹកនាំស្រុក និងតំបន់ប្រមាណ ១០០នាក់ នៅក្នុងភូមិត្នោត នៅក្បែរព្រំដែន បានបញ្ជូននីរសា២០នាក់ ឲ្យទៅប្រាប់កម្មាភិបាលនៅគ្រប់មូលដ្ឋានតស៊ូសម្ងាត់ឲ្យចាប់ផ្ដើមធ្វើសកម្មភាពតស៊ូចំហរតែម្ដង ខណៈដែលកងទ័ពវៀតកុង បានជួយរំដោះស្រុកភូមិជាច្រើនរួចទៅហើយ។ ប៉ុន្តែពេលបានជួប សោ ភឹម ពួកមេវៀតកុងធ្វើជាសុំអនុញ្ញាតពីគាត់ ដើម្បីជួយចាយរំដោះស្រុកភូមិពីពួកលន់ នល់ មកឱ្យគាត់កាន់កាប់ ដោយបានលើកឡើងថា បើគ្មានពួកគេទេ ក៏កម្ពុជាមិនអាចរំដោះប្រទេសបានដោយខ្លួនឯងដែរ ។

កងទ័ពភូមិភាគបូព៌ារបស់ សោ ភឹម មានឯកសណ្ឋានពណ៌ស្លឹកឈើ ខុសប្លែកពីឯកសណ្ឋានកងទ័ពភូមិភាគនានាដែលពណ៌ខ្មៅ និងមានសីលធម៌ល្អទៀតផង។

ពេលវាយដណ្ដើមបានទីក្រុងភ្នំពេញថ្ងៃ១៧ មេសា ១៩៧៥ កងទ័ពនេះមិនបានបង្ហាញឲ្យឃើញនូវភាពសាហាវឃោរឃៅហួសហេតុ ដូចកងទ័ពភូមិភាគនិរតី និងភូមិភាគផ្សេងៗទៀតឡើយ ។

ប្រពន្ធសោ ភឹម ឈ្មោះច្រែង នោះតាំងពីឆ្នាំ១៩៧០មក នៅក្នុងតំបន់រំដោះនរណាក៏ស្គាល់រហ្ស័សនាមឈ្មោះ ដែលគេតែងហៅថា យាយការ៉ូៗ នោះដែរ ។ ក្រោយថ្ងៃជ័យជម្នះ ១៧ មេសា សោ ភឹម រស់នៅកន្លែងផ្សេងគ្នា ពីយាយការ៉ូជាប្រពន្ធនិងកូន ដោយ សោ ភឹម ស្នាក់នៅក្នុងអគារមួយ ស្ថិតនៅក្នុងបរិវេណមន្ទីរភូមិភាគបូព៌ា ដែលមានទីតាំងនៅក្នុងអតីតទីប្រជុំជនសួង ក្នុងស្រុកត្បូង តំបន់២១ ដោយមានកងអង្គរក្សរាប់សិបនាក់ នៅការពារគាត់។ ចំណែកយាយការ៉ូ ស្នាក់នៅនិងគ្រប់គ្រងមន្ទីរកសិកម្មភូមិភាគ ដែលស្ថិតនៅឯទួលសំរោង ក្នុងស្រុកពញាក្រែក តំបន់២០ ។

បងស្រីរបស់ សោ ភឹម ឈ្មោះប្រាក់ ឈុន ត្រូវបានចាត់តាំងឲ្យធ្វើជាប្រធានសហករណ៍នោក្នុងភូមិសង្គម ឃុំគគីរសោម ស្រុកប្រសូត្រ ដែលជាស្រុកកំណើតរបស់ សោ ភឹម នោះដែរ ។ ឯប្អូនប្រុសពៅរបស់ សោ ភឹម ឈ្មោះ ប្រាក់ ឌុល ហៅទិត្យ ជាគណៈកម្មាធិការស្រុកប្រសូត្រ តំបន់២៣នោះ ក្រោយមកត្រូវផ្លាស់ឲ្យទៅជាគណៈកម្មាធិការស្រុកឆ្លូង តំបន់២១វិញ ។ ចំណែក កូនប្រុសទី២របស់ សោ ភឹម ឈ្មោះណាត ក៏មានតួនាទីជាប្រធានមន្ទីរពេទ្យព-២ ដែលមានទីតាំង នៅស្រុកអូររាំងឪ។ ក្រៅពីបងប្អូន និងប្អូនៗ សោ ភឹម ក៏មានក្មួយជាច្រើននាក់ដែរ ក្នុងនោះមានក្មួយម្នាក់ឈ្មោះ គឹម តេង ដែលក្រោយសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ បានចាកចេញពីប្រទេសជាមួយពួកវៀតមិញ ទៅរស់នៅវៀតណាម ភាគខាងជើង បានវិលត្រឡប់មកធ្វើសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិក និងពួកលន់ នល់ ក្នុងឆ្នាំ១៩៧០ វិញ ហើយទទួលបានតួនាទីជាបន្តបន្ទាប់ រហូតដល់បានឡើងជាមេបញ្ចាការវរសេនាតូច ម្នាក់ដែរ ។ ប៉ុន្តែនៅក្នុងឆ្នាំ ១៩៧៤ គឺពេលភ្លើងសង្គ្រាម កំពុងឆាបឆេះពេញបន្ទុកនោះ គឹម តេង ត្រូវកងទ័ពរបស់គណៈមជ្ឈិមបក្ស ចាប់យកទៅសម្លាប់ចោល ដោយសារតែជាប់និន្នាការធ្លាប់ទៅរស់នៅវៀតណាមខាងជើង ក្រោយសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤នោះ ហើយបើទោះបី សោ ភឹម មានតួនាទីជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ម្នាក់ដែរ ក៏មិនអាចជួយជីវិតក្មួយគាត់បានឡើយ ៕