រាជធានីបាងកក៖ ក្រោយពេលក្រុមបាតុករ កាន់តែប្រមូលផ្ដុំគ្នា ធ្វើបាតុកម្ម​យ៉ាង​​ពុះកញ្ជ្រោល​ឡើង រហូតសភាថៃ កោះប្រជុំវិសាមញ្ញ ស្វែងរកដំណោះ​ស្រាយ បញ្ចប់ភាពវឹកវរ នៅក្នុងប្រទេស ហើយសមាជិកសភា មកពីបក្ស​ប្រឆាំង បង្កើនការដាក់សម្ពាធ កាន់តែខ្លាំងឡើងបន្ថែមទៀត និង​ជំរុញ​ឲ្យ​លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងយ៉ាងណាក្ដី ក៏លោក​នាយក​រដ្ឋមន្រ្ដីថៃ បានប្ដេជ្ញាថា លោកនឹងនៅតែបន្ដ កាន់អំណាច​នេះ​ទៅមុ​ខ​ទៀត។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០​​២០ ថ្លែងយ៉ាងច្បាស់ នៅក្នុងរដ្ឋសភាថា «លោកនឹងមិន​លាលែង​ពីតំណែង ឬរត់ចេញពីបញ្ហា នាពេលនេះ ខណៈប្រទេសជាតិ​កំពុងតែ​ប្រឈម​នឹងវិបត្តិ​នោះឡើយ»។ លោកនាយករដ្ឋមន្រ្ដី បានឆ្លើយតបទៅ​នឹងសំណើ​របស់ក្រុម​តំណាង​រាស្រ្ដ មកពីបក្សប្រឆាំងដ៏​ធំជាងគេ​បំផុត​របស់ប្រទេសថៃ (បក្សភឿថៃ) ដែលជំរុញឲ្យលោកចុះចេញពីតំណែងថា បើលោកចុះចេញពីតំណែង ចំពេលប្រទេសកំពុងតែកើតមានវិបត្ដិបែបនេះ តើលោកដឹងថា អ្វីនឹងកើតឡើង សម្រាប់ប្រទេសជាតិទេ?

លោកនាយករដ្ឋមន្រ្ដី បានប្រាប់ដល់សមាជិកសភា ជាពិសេស បក្សប្រឆាំង​ថា « សូមលោកក្រឡេកមើល អតីតកាល ការធ្វើបាតុកម្មនយោបាយ នា​អំឡុងឆ្នាំ២០០៦ និង២០១៤ ឡើងវិញមើល អ្នកកាន់អំណាច នាពេល​នោះ ក៏មិនបានចុះចេញពីតំណែងនោះដែរ។ដូច្នេះបញ្ហានេះ លោកសូម​មិន​អនុវត្ដតាម ហើយសំណើនេះ ក៏មិនមែនជាតំណាងឲ្យប្រជាពលរដ្ឋ ភាគ​ច្រើន​បំផុតនោះដែរ។ ទោះជាយ៉ាងណា លោកមិនរត់គេចចេញ អំពីបញ្ហា ឬក៏បោះបង់ចោលប្រទេស នៅក្នុងអំឡុងពេលមានភាពវឹកវរនេះដែរ។

លោកនាយករដ្ឋមន្រ្ដី បានបន្ថែមថា «លោកសូមសួរទៅអស់លោកវិញ ថាតើជ័យជម្នះ ដែលអ្នកទទួលបានមកពីការបែកបាក់ប្រទេសនោះ តើវា​នឹងមានតម្លៃដែរ ឬទេ? ព្រោះនៅពេលនោះ យើងក៏មិនមាន​អ្វីត្រូវ​ផ្លាស់​ប្តូរ​នោះដែរ។ ចូលអស់លោក គិតអំពីយុវជន ហើយសូមកុំប្រើពួកគេ ដើម្បី​ជំរុញ​ចលនានយោបាយឲ្យសោះ»។

ទោះជាយ៉ាងណា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ បានថ្លែង​អំណរ​​គុណ​ដល់សមាជិករដ្ឋសភាទាំងអស់ ដែលបាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន ហើយលើកឡើង អំពីដំណោះស្រាយនយោបាយនេះ។ លោក​សន្យា​ថា នឹងយកគំនិតទាំងនេះ មកដោះស្រាយ ដោយផ្អែកលើ​ស្ថានភាព​ពិត​ប្រាកដ។ ជាមួយគ្នានេះដែរ រដ្ឋភិបាលកំពុងតែធ្វើការងារលើបញ្ហានេះ ដើម្បី​ធ្វើឲ្យសេដ្ឋកិច្ច ដើរទៅមុខ។ រីឯអាទិភាព គឺដោះស្រាយ​បញ្ហាអត់​ការងារធ្វើ និងផ្ដល់សុខុមាលភាពដល់មនុស្សទាំងអស់ ដែលរង​ផល​ប៉ះពាល់។

ដោយឡែក តំណាងរាស្រ្ដ មកពីបក្ស Pheu Thai លោក Visan Techatirawat បានយកកូនកាំបិត មកអារកដៃរបស់លោក ចំនួន៣លើក នៅក្នុងរដ្ឋសភាថៃ ដើម្បីជាការប្រឆាំងនឹងអ្វីដែលោក ប្រាយុទ្ធ បានថ្លែងថា ប្រភពព័ត៌មានទាំងនោះ ត្រូវបានគេរៀបចំឡើង ដើម្បីឲ្យមានការ​ចាប់​អារម្មណ៍ ពីបណ្ដាញផ្សព្វផ្សាយរបស់ពិភពលោក ជុំវិញការធ្វើបាតុកម្ម​របស់ប្រជាពលរដ្ឋថៃ។ តំណាងរាស្រ្ដបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា ពលរដ្ឋមានការឈឺចាប់ ជាងអ្វីដែលកំពុងអារដៃរបស់លោកទៅទៀត ទើបពួកគេចេញធ្វើបាតុកម្មបែបនេះ។

ការផ្ទុះបាតុកម្មរបស់ប្រជាពលរដ្ឋ នាពេលនេះ មានភាព​ផ្ទុយ​ស្រឡះ​ពីអតីត​កាល ដោយកាលនោះ មានការដឹកនាំដោយគណបក្សនយោបាយ។ ប៉ុន្ដែ​បាតុកម្ម នៅក្នុងប្រទេសថៃ ចាប់តាំងពីអំឡុងខែកក្កដា រហូតមកដល់​ពេល​នេះ គឺអ្នកចូលរួម ភាគច្រើនជាយុវជន ដោយមិនមានការ​ជាប់ពាក់ព័ន្ធ​នឹងគណ​បក្សនយោបាយណាមួយនោះឡើយ។

ដោយឡែកចំណុចដ៏សំខាន់របស់ក្រុមបាតុករចង់បាន រួមមាន ទាមទារឲ្យ​លោក ប្រាយុទ្ធ ចាន់អូចាចុះចេញពីតំណែង, រំលាយសភា (ធ្វើសោធន​កម្ម​រដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧) និងធ្វើកំណែទម្រង់​របបរាជានិយមបច្ចុប្បន្ន៕