រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda ត្រូវប្រជាពលរដ្ឋ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការចាប់ខ្លួនបាន នៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ពាក់ព័ន្ធបទល្មើសចោរកម្មឆក់ទូរស័ព្ទ កាលពីម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ត្រូវចាប់ខ្លួនបាន ចំណែកបក្ខពួក ៣នាក់ទៀត នាំគ្នាជិះរត់គេចខ្លួនបាត់ ដោយយកទាំងទូរស័ព្ទ ដែលឆក់បានពីបុរសម្នាក់ បានសម្រេច តែពេលនោះ ត្រូវជនរងគ្រោះជាម្ចាស់ទូរស័ព្ទ បានស្រែកថា ចោរៗ ផ្អើលឆោឡោដល់ប្រជាពលរដ្ឋនិងកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យបានម្នាក់។ បន្ទាប់មក ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ផងដែរ ។

ជនសង្ស័យ ត្រូវសមត្ថកិច្ចនាំទៅសាកសួរ នៅអធិការដ្ឋានគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។ ចំណែក បក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួន នាំមកផ្តន្ទាទោសតាមច្បាប់៕