រាជធានីភ្នំពេញ ៖ ល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម ) ដ៏ធំមួយកន្លែង ដែលមានស្លាកសម្គាល់ P99 កំពុងបើកដំណើរការអាជីវកម្មយ៉ាងរលូន នៅចំណុចផ្ទះលេង៣៩AEo តាមបណ្តោយផ្លូវ៣៣៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដោយមិនឃើញអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក ចុះបង្ក្រាបឡើយ សង្ស័យតែ… ។

ប្រជាពលរដ្ឋនៅទីនោះបានខ្សឹបប្រាប់ «KBN» ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់នេះ បានបើកជាយូរណាស់មកហើយ ឃើញតែអ្នកញៀនល្បែងស៊ីសងទាំងហ្វូងៗ ត្បុលក្បាលគ្នាមកចាក់ឲ្យរដឹក ព្រោះទីតាំងនោះកត់ឆ្នោតវៀតណាមខុសច្បាប់នោះ នៅជាប់ចិញ្ចើមផ្លូវងាយស្រួលក្នុងការទៅចាក់ ប៉ុន្តអ្វីដែលពលរដ្ឋឆ្ងល់អើយសែនឆ្ងល់នោះ ទីតាំងល្បែងល្បែងស៊ីសងខុសច្បាប់នេះនៅកណ្តាលវាលយ៉ាងបើកចំហ តែមិនឃើញមានសមត្ថកិច្ចសង្កាត់ផ្សារដើមគទៅបង្ក្រាបសោះ សង្ស័យតែដង្កូវស៊ីភ្នែកអស់ហើយ ឬមួយទីតាំងល្បែងស៊ីសងទាំងនោះ ជាឆ្នាំងបាយរបស់សមត្ថកិច្ច ទុកធ្វើមានធ្វើបានផ្ទាល់ខ្លួន ។

ប្រជាពលរដ្ឋ សំណូមពរលោកឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការនគរបាលខណ្ឌ មេត្តចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់នេះ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រដ្ឋាភិបាល ព្រោះល្បែងស៊ីសងជាប្រភពនៃអំពើហិង្សា ចោរកម្ម និងអសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។

សូមបញ្ជាក់ថា កន្លងមក លោកអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ។ តែយ៉ាងណា គេមើលឃើញថា បទបញ្ជារបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនសូវមានប្រសិទ្ធភាពប៉ុន្មានឡើយ ពោលគឺល្បែងស៊ីសងកន្ទុយលេខ (ឆ្នោតវៀតណាមខុសច្បាប់ ) និងហ្គេមបាញ់តី្រ តែមានព្រោងព្រាត៕