រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា កាលពីព្រឹក ថ្ងៃទី២៦ ខែតុលា បានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកការដ្ឋានសាង សង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដោយតភ្ជាប់ ពីផ្លូវជាតិលេខ១ ទៅតំបន់អភិវឌ្ឍន៍កោះនរា និងពីកោះនរាមកទីក្រុង រណបកោះពេជ្រ។

បើតាមគម្រោងនោះ គឺទី១-គម្រោងសាងសង់ស្ពានខ្សែកាប្លិ៍ តភ្ជាប់ពីទីក្រុង រណបកោះពេជ្រទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា មានប្រវែងសរុប៨២៤ ម៉ែត្រ និងទទឹង ២៤.៥ម៉ែត្រ។ បណ្តោយស្ពានបេតុងអាមេ ប្រវែង ៤៨៣ម ។ ផ្លូវតភ្ជាប់ក្បាល ស្ពានត្រើយខាងកោះពេជ្រប្រវែង ២៤៩ ម៉ែត្រ ។ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរាប្រវែ ង ៩២ម៉ែត្រ។ នេះជាស្ពានចរាចរទ្វេទិស មានគន្លង សម្រាប់រថយន្តទៅចំនួន២ និងគន្លងមកចំនួន២ដោយក្នុង១គន្លង មានទទឹ ង៣,២៥ ម៉ែត្រ ហើយមានគន្លងសម្រាប់ទោចក្រយានយន្តទៅចំនួន១ និងគន្លងសម្រាប់មកចំនួន១ ដែលមានទទឹង១,២៥ ម៉ែត្រសងខាង។ រីឯជម្រាល មានទទឹងស្ពាន ២%។ សសរសម្រាប់ព្យួរខ្សែកាប្លិ៍មានកម្ពស់ ៦០ម៉ែត្រ គិតពីផ្ទៃតួស្ពានទៅលើអាកាស។ កម្ពស់អតិបរមា អាចឲ្យនាវាឆ្លងកាត់ពីក្រោមស្ពាន មានកម្ពស់៨ម៉ែត្រ នៅរដូវវស្សា ដោយមាននីវ៉ូទឹកខ្ពស់បំផុត។ កម្ពស់អតិបរមា អាចឲ្យនាវាឆ្លងកាត់ពីក្រោមស្ពាន មានកម្ពស់១៨ម៉ែត្រ នៅរដូវប្រាំង មាននីវ៉ូទឹកទាបបំផុត។ ដោយឡែកសម្រាប់គម្រោងចំណាយសាងសង់វិញ អស់ចំនួន៣៨លានដុល្លារអាមេរិក ដោយប្រើរយៈពេលសាងសង់ រហូតដល់៣៥ខែ។

ទី២-អំពីគម្រោងសាងសង់ស្ពានបេតុងអាមេ តភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ បណ្តោយស្ពាន សរុបប្រវែង៦០ម៉ែត្រ,ទទឹងស្ពានមានប្រវែង២១ម៉ែត្រ។ បណ្តោយស្ពានបេតុង មាន៤៥ ម៉ែត្រ ។ ផ្លូវគល់ស្ពានសងខាង មានប្រវែង១៥ ម៉ែត្រ។ រីឯរយៈពេលសាងសង់ នឹងប្រើពេល១២ខែ ហើយចំណាយថវិកា ១ ៦០៦ ៣៥៣ ដុល្លារអាមេរិក។

នៅពេលសាងសង់រួចរាល ស្ពាននេះនឹងចូលរួមចំណែកជួយកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្សបានមួយកម្រិតធំផងដែរ

សូមជម្រាបថា ក្រុមហ៊ុន OCIC គ្រោងនឹងសាងសងទីក្រុងរណបថ្មី នៅលើផ្ទៃដីជាង១០០ហិកតា ស្ថិតនៅតាមដងទន្លេ ចេញពីតំបន់កោះនរាឆ្ពោះទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងនេះ នឹងត្រូវរៀបចំអភិវឌ្ឍ ដូចទីក្រុងកោះពេជ្រ នាពេលបច្ចុប្បន្ន ដោយមានការសាងសង់ស្ពាន ដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្ដនៅទីនោះផងដែរ។ ទីក្រុងរណបថ្មីនេះនឹងត្រូវចាក់ខ្សាច់បំពេញ នៅតាមជួរមាត់ទន្លេចាប់ ពីតំបន់កោះនរា អូសស្របតាមទន្លេតូច ឆ្ពោះទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល៕