រាជធានីភ្នំពេញ ៖ សាកសពទារិកាម្នាក់ ត្រូវបានអ្នកថែសួន និងរុក្ខជាតិប្រទះឃើញនៅក្នុងថង់ខ្មៅមួយ ដែលជនមិនស្គាល់អត្តសញ្ញាណយកផ្លុងចោល លើសួននៅចំណុចក្រោមដើមឈើលើសួនច្បារមិត្តភាពកម្ពុជា-ថៃ ផ្លូវលេខ៦១កែងផ្លូវលេខ៩៦ ភូមិទី១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពី នៅម៉ោង០៧និង៤០នាទី ថ្ងៃទី២៥ខែតុលា ឆ្នាំ២០២០។

បុរសឈ្មោះ លី វណ្ណៈ មុខរបរកម្មករសួនច្បារនិងរុក្ខជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧និង២០នាទី ខ្លួនបានជិះម៉ូតូចេញពីផ្ទះមកធ្វើការសម្អាតសួនច្បារកន្លែងកើតហេតុខាងលើ រហូតដល់ម៉ោង០៧និង៤០នាទីក៏បានឃើញស្បោងខ្មៅមួយនៅក្រោមដើមឈើ ដោយមានការសង្ស័យក៏បានបើកមើលឃើញមានសពទារិកានៅក្នុងថង់ខ្មៅនោះ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ច ។

សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យ បច្ចេកទេសវិឡាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ អង្គភាពការពារកុមារ(CPU) និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ ។

ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេស និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា កូនកើតមិនគ្រប់ខែ(ស្លាប់ក្រោយសំរាល) ។ ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញបច្ចេកទេស បានប្រគល់សពឲ្យយប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីចាត់ចែងបន្ត ៕