រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដី​ជូនដំណឹង​ថា បើគិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ នៅក្នុង​ប្រទេស​កម្ពុជា រកមិនឃើញមានករណីឆ្លងថ្មី នៃកូវីដ-៩ ហើយក៏​មិនមាន​ករណីព្យាបាលជាសះស្បើយថ្មីនោះដែរ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា បើគិតមកដល់វេលាព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅក្នុង​ប្រទេស​កម្ពុជា មានអ្នកវីរុសកូវីដ-១៥ សរុប ២៨៧នាក់ (ស្រ្តី ៥៨នាក់ និងបុរស ២២៥​នាក់)។ ប៉ុន្ដែក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ទាំងអស់នោះ គឺគ្រូពេទ្យ​កម្ពុជា បានព្យាបាលពួកគេឲ្យជាសះស្បើយ សរុប ២៨៣នាក់ នៅក្នុងនោះ​មា​នស្រី ៥៧នាក់ និងបុរស ២២៦នាក់ (ស្មើនឹង ៥៨,៦១% ធៀបនឹង​ចំនួនអ្នកផ្ទុកវីរុសកូវីដ-១៩ទាំងអស់)។

ដោយឡែកអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ផ្សេងទៀត (ជនជាតិខ្មែរ២នាក់ រួមមាន បុរសម្នាក់ និងស្រ្ដីម្នាក់, បុរសជនជាតិប៉ូឡូញម្នាក់ និងបុរសជន​ជាតិបារាំង ម្នាក់) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រាជធានីភ្នំពេញ។

បើទោះជានៅថ្ងៃនេះ រកមិនឃើញករណីឆ្លងថ្មី នៃកូវីដ-១៩ នៅក្នុង​ប្រទេស​កម្ពុជាក្ដី ប៉ុន្ដែក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជា អង្គការ​សុខភាព​ពិភព​លោក ហៅកាត់ WHO នៅតែក្រើនរំឭកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែ​បន្ដប្រុងប្រយ័ត្នខ្ពស់ ព្រោះវីរុសនេះមិនទាន់​រលាយបាត់​ពីផែនដី​យើង​នៅ​ឡើយ។ បច្ចុប្បន្ននៅលើពិភពលោក កំពុងតែមានអ្នកឆ្លងរាប់សែននាក់ ក្នុងរយៈពេល១ថ្ងៃៗ ហើយនេះជាសញ្ញាប្រកបដោយគ្រោះថ្នាក់ សម្រាប់​មនុស្សជាតិយើង។

សូមជម្រាបថា វីរុសកូរ៉ូណា ហៅកាត់ កូវីដ-១៩ (Coronavirus Disease 2019) នេះ បានផ្ទុះឡើងជាលើកដំបូង នៅទីក្រុងវូហាន (ចិនអាន៖ អ៊ូហាន) ខេត្ដហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩។ បើតាម Worldometer បានផ្សាយថា បើគិតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វីរុសដ៏កាចសាហាវនេះ កំពុងរាតត្បាត នៅលើប្រទេស និងដែនដី ចំនួន ២១៥ នៅជុំវិញពិភពលោក ដោយមានអ្នកឆ្លង បន្ដកើនឡើងដល់ ៤២ ៩២៥ ៥១៧នាក់ ស្លាប់ ១ ១៥៤ ៧៧០នាក់ និងអ្នកជាសះស្បើយ ៣១ ៦៦៧ ១២៥នាក់៕

សូមអានខ្លឹមសារទាំងស្រុង នៃសេចក្ដីជូនដំណឹង​​របស់ក្រសួង​សុខា​ភិបាល​កម្ពុជា ដូចខាងក្រោម៖