រាជធានីភ្នំពេញ៖ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្តីបន្ទោសបន្ទាប់ពីរូបលោកមិនហ៊ានចាត់ចែងលុយ ដែលសម្តេចទម្លាក់ឱ្យដើម្បីដោះស្រាយផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ។

ការស្ដីបន្ទោសរបស់សម្តេចតេជោ ហ៊ុន សែនបែបនេះបានធ្វើឡើង អំឡុងពេល សម្ដេច អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកទេសរដ្ឋមន្ត្រី បានរាយការណ៍ពីស្ថានភាពនៃផលប៉ះពាល់ និងទំហំប្រាក់ដែលមានក្នុងដៃសម្រាប់ដោះស្រាយ ហើយក៏ស្នើសុំប្រើកញ្ចប់ថវិកាសម្តេចទម្លាក់ជំហ៊ានទីមួយចំនួន ១០ម៉ឺនដុល្លារ។ ក្រោយឃើញការរាយការណ៍នេះ សម្តេចតេជោ ក៏បានស្តីបន្ទោសលោកទេសរដ្ឋមន្ត្រី គន់ គីម តែម្តង។ សម្តេចតបថា ថវិកានេះឱ្យយកទៅដោះស្រាយបញ្ហា និងជួយប្រជាពលរដ្ឋ មិនមែនឱ្យយកទៅឱបនោះឡើយ។

តែទោះយ៉ាងណាក្រោយពីការស្តីបន្ទោសបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានទម្លាក់ថវិកាបន្ថែមចំនួន ១០ម៉ឺនដុល្លារទៀត សម្រាប់ដោះស្រាយការលំបាកក្នុងខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីលើការងារគ្រោះមហន្តរាយ បានចុះមកឈរជើងជាប់ជាប្រចាំនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងកំលុងពេលរងការគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងនេះ៕