ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំង កាលព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គ្រាន់តែបើកភ្នែកឡើង ស្រាប់តែប្រទះឃើញសត្វក្រពើងាប់១ក្បាល មកជាប់មាត់លូមួយកន្លែង ភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ។

ជុំវិញនឹងករណីនេះ លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានថ្លែងប្រាប់អ្នកកាសែតឲ្យដឹងថា សត្វក្រពើដែលប្រជាពលរដ្ឋ ប្រទះឃើញនោះ មិនមែនសត្វក្រពើ រួចនោះឡើយ គឺក្រពើនោះបានងាប់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ រួចម្ចាស់ក្រពើបានយកមកដាក់នៅមុខផ្ទះរបស់គាត់ លុះយប់ទ្បើង មានទឹកជំនន់បានឡើង ក៏អណ្តែតសត្វក្រពើបាត់តែម្តង។

លោកអភិបាលស្រុក បញ្ជាក់ថា អ្នកដែលប្រទះឃើញខ្មោចក្រពើនេះ មានឈ្មោះ សយ សារ៉ន ភេទប្រុសអាយុជាង៥០ឆ្នាំ រស់នៅភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ។ ចំណែក ម្ចាស់ក្រពើ ឈ្មោះ សយ សារ៉ន ។ ម្ចាស់ក្រពើ បានប្រាប់ថា សត្វក្រពើ ១ក្បាលនេះ ទើបទិញចូលមកថ្មី ហើយយកមកដាក់ក្នុងអាងចិញ្ចឹម វាបានខាំគ្នាក្នុងអាង ជាច្រើនលើកច្រើនសា ក៏ងាប់តែម្តង លុះដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១យប់ ខណៈពេលទឹកជំនន់បានលិចចូលក្នុងអាងក្រពើ ក៏បណ្តាលឲ្យក្រពើ១ក្បាលនេះ ងាប់តែម្តង។ ហើយម្ចាស់ បានយកក្រពើដែលងាប់នោះ លើកចេញពីអាងមកដាក់លើគ្រែខាងក្រៅ ពុំទាន់បានយកទៅកប់នោះទេ ដោយសារទឹកជំនន់លិច គ្មានកន្លែងកប់ចោល។

លោកអភិបាលស្រុក បានផ្តាំទៅប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកអង្គរជុំ និងសាធារណជនមេត្តាកុំភ័យខ្លាច ឬយល់ច្រឡំថា ក្រពើរបស់ប្រជាពលរដ្ឋដែលចិញ្ចឹម ហើយរួចចេញពីទ្រុង ដោយសារទឹកជំនន់ទឹកភ្លៀងនោះ ព្រោះជាក្រពើងាប់ស្រាប់ ហើយក៏គ្មានសត្វក្រពើរួចចេញពីអាងមកបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែរ៕