រាជធានីភ្នំពេញ៖ ប្រុសព្រានម្នាក់បានធ្វើសកម្មភាពយកដៃបោសអង្អែលសព្វរាងកាយនាងក្រមុំម្នាក់ បម្រុងធ្វើសកម្មភាពចាប់រំលោភ តែនាងភ្ញាក់ដឹងខ្លួនទាន់ ក៏លើកខោរត់មួយលើក ស្រាប់តែបន្តិចក្រោយមក មកស្ទាបអង្អែលប្រាណនាងម្តងទៀត ធ្វើឲ្យនាងទ្រាំលែងបាន ក៏ស្រែកហៅមិត្តភក្តិដែលដេកក្នុងបន្ទប់ជាមួយគ្នាជួយ រួចទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនជនល្មោភកាមនេះតែម្តង។

ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើង កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ជនសង្ស័យល្មោភកាមនេះ ឈ្មោះ ឈុន ភេទប្រុសអាយុ ២៣ឆ្នាំ មានទីលំនៅឃុំអរិយក្សត្រ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែក នារីរងគ្រោះ អាយុ១៨ឆ្នាំ ស្នាក់នៅកើតហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុ នារីរងគ្រោះ និងមិត្តស្រី២នាក់ រួមទាំងជនសង្ស័យ បាននាំគ្នាមកដេកនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ រហូតដល់ម៉ោង៥ទៀបភ្លឺថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យឃើញមិត្តភក្តិនារីរងគ្រោះ ដេកលង់លក់អស់ ស្រាប់តែជនសង្ស័យយកដៃរបស់គេស្ទាបអង្អែលលើដងខ្លួននារីរងគ្រោះ រួចចាប់ស្រាតខោឈុតដេករបស់នាងដល់ត្រឹមជង្គុង ប៉ុនប៉ងធ្វើសកម្មភាពចាប់រំលោភ តែនារីរងគ្រោះដឹងខ្លួនទាន់ បានលើកខោងើបទៅដេកក្បែរជញ្ជាំង ធ្វើមិនដឹង ។

ប្រភព បន្តថា បនិ្តចក្រោយមក ជនសង្ស័យមិនទាន់អស់ចិត្ត ក៏បានមកដេកក្បែរនារីរងគ្រោះ ហើយយកដៃរអង្អែលខ្លួនប្រាណរបស់នារីរងគ្រោះ និងចាប់ស្រាតខោបម្រុងធ្វើសកម្មភាពរំលោភលើកទី២ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់ និងបានស្រែកហៅមិត្តភក្តិឲ្យជួយ ធ្វើឲ្យជនសង្ស័យ បានបើកទ្វារជិះម៉ូតូរត់គេចខ្លួនបាត់។

សមត្ថកិច្ច បញ្ជាក់ថា លុះព្រឹកឡើងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរនៅអធិការដ្ឋាននគររបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕