រហូតមកដល់ពេលនេះ នៅលើពិភពលោក នៅតែមានចំនួនករណីឆ្លងថ្មី នៃវីរុសកូរ៉ូណា ហៅកាត់ កូវីដ-១៩ (Coronavirus Disease 2019) កាន់ច្រើនឡើងគួរឲ្យព្រួយបារម្ភ ហើយក្នុងរយៈ ពេល ២៤ម៉ោងកន្លងមកនេះ មានអ្នកឆ្លងថ្មី ជាង៤សែននាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅលើពិភពលោក បន្ដកើនឡើងដល់ ៤០ ២៦៤ ២១៨នាក់ ស្លាប់ ១ ១១៨ ១៦៧នាក់ និងជាសះស្បើយ ៣០ ១០៨ ០៣១នាក់។ បើតាមគេហទំព័រ Worldometer ចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

បើគិតត្រឹមវេលាខាងលើ វីរុសនេះកំពុងតែរាតត្បាត នៅលើដែនដី និងប្រទេស ចំនួន២១៥ នៅលើ ពិភពលោក ហើយកាលពីថ្ងៃទី១៧ ខែតុលា មានករណីឆ្លងថ្មី កើនឡើងជាង៤សែននាក់។ នេះជា​ចំនួន​ឆ្លងដ៏ច្រើនលើសលុបបំផុត លើកដំបូង នៅលើពិភពលោក។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ភាគច្រើន នៅបណ្ដាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក។

លោក António Guterres អគ្គលេខាអង្គការសហប្រជាជាតិ បានថ្លែង កាលពីថ្ងៃសៅរ៍ ទី១៨ ខែតុលា ថា បើពិភពលោកបែកបាក់គ្នា នឹងទទួលបរាជ័យ នៅក្នុងការដោះស្រាយបញ្ហាកូវីដ-១៩។ ដូច្នេះបណ្ដាមេដឹកនាំពិភលោកទាំងអស់ ចាំបាច់ត្រូវតែរួបរួមគ្នា ទើបអាចទទួលបានជោគជ័យលើកូវីដ-១៩។ អ្វីដែលកាន់តែពិសេសនោះ ចាំបាច់ត្រូវតែមានការខិតខំប្រឹងប្រែងរួម ដើម្បីកុំឲ្យមនុស្សរាប់លាននាក់ធ្លាក់ ចូលទៅក្នុងភាពក្រីក្រ និងការអត់ឃ្លាន ដោយសារជំងឺឆ្លងនេះ ។

ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឲ្យមានកញ្ចប់ថវិកា សម្រាប់​ជំរុញសេដ្ឋកិច្ចដ៏ធំមួយ ដើម្បីទប់ទល់នឹងស្ថានភាពបច្ចុប្បន្ន ខណៈពលរដ្ឋរបស់ប្រទេសមហា​អំណាច​មួយនេះ មានចំនួនអ្នកឆ្លង បន្ដកើនឡើងដល់ ៨ ៣៨៧ ៧៩៨នាក់ (ឆ្លងថ្មី ៤៤ ៩៤០នាក់) ស្លាប់ ២២៤ ៧៣០នាក់ (ស្លាប់ថ្មី ៤៤៨នាក់) ជាសះស្បើយ ៥ ៤៥៧ ៦៨១នាក់ អ្នកកំពុងព្យាបាល ២ ៧០៥ ៣៨៧នាក់ និងអ្នកឈឺធ្ងន់ ១៥ ៣៨០នាក់។ នេះបើតាមតួលេខរបស់ Worldometer ចេញផ្សាយ នៅព្រឹកនេះ។

ជាមួយគ្នានេះដែរ បណ្ដាប្រទេស នៅតំបន់អឺរ៉ុបវិញ រហូតមកដល់ពេលនេះ កំពុងផ្ទុះឡើងយ៉ាងខ្លាំង ដោយក្នុងរយៈពេល១ថ្ងៃ មានអ្នកឆ្លងថ្មី នៃកូវីដ-១៩ កើនឡើងជាមធ្យម ១៤ម៉ឺននាក់៕