ខេត្តបន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀង បានហូរធ្លាក់មកពីប្រទេសថៃ យ៉ាង​គំហុក បណ្ដាលឲ្យជន់លិចក្រុង និងស្រុក ចំនួន៦ របស់ខេត្ដបន្ទាយ​មាន​ជ័យ ហើយអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋជាង២៧០០គ្រួសារ និងអ្នក​រង​ផលប៉ះពាល់ ជាង ១៥ ០០០នាក់។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជំនន់ទឹកភ្លៀង ហូរមកពីប្រទេសថៃ យ៉ាងខ្លាំង គួបផ្សំនឹងទឹកភ្លៀង នៅក្នុងខេត្តផង ទើបធ្វើ​ឲ្យ​ទឹកជន់លិចក្រុង-ស្រុកចំនួន៦ ក្នុងចំណោម​ក្រុង-ស្រុកទាំង៩​របស់​ខេត្ត​បន្ទាយមានជ័យ។ បើគិតត្រឹមព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ទឹកជំនន់​បានលិចស្រុក-ក្រុងចំនួន៦ និងធ្វើឲ្យប៉ះពាល់ពលរដ្ឋ ជាង១៥ ០០០​គ្រួសារ ហើយពលរដ្ឋជាង២៧០០គ្រួសារ ត្រូវជម្លៀសទៅកាន់​ទីទទួល​សុវត្ថិភាព។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កាលពីព្រឹកមិញ (ថ្ងៃទី​១៨ ខែតុលា) លោកនិងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​គណៈ​កម្មាធិ​ការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅ​កាន់តំបន់​ភូមិសាស្ត្រ​លិចទឹកនោះដែរ។ បើតាមការពិនិត្យជាក់ស្ដែង ប្រជាពលរដ្ឋដែល​ជួបគ្រោះ​អាសន្នខ្លាំង ត្រូវបានកងកម្លាំងជួយសង្គ្រោះ ជម្លៀសពួកគាត់ទៅ​រកទីទួល​មា​​នសុវត្ថិភាព។ ចំណែកប្រជាពលរដ្ឋមួយចំនួន ដែលមានផ្ទះខ្ពស់ៗ ផុតពីកម្រិតទឹកជំនន់ គឺក្រុមការងារបានជួយរើប្រមូលរបស់របរអីវ៉ាន់ លើកដាក់ទៅលើធ្នើរខ្ពស់ៗ ដើម្បីឱ្យមានសុវត្ថិភាព ផុតពីទឹក។

លោកអភិបាលខេត្ត បានបន្ថែមថា ក្រុង-ស្រុកចំនួន៦​បានរងផលប៉ះពាល់​ពីគ្រោះទឹកជំនន់នេះ រួមមាន ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុក​មង្គលបុរី ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ចំណែកស្រុក​ចំនួន​បីផ្សេងទៀត រួមមាន ស្រុកភ្នំស្រុក ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ នៅមិនទាន់រងផលប៉ះពាល់ខ្លាំងទេ។

បើគិតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ គ្រោះទឹកជំនន់នេះ បាន​បង្កឲ្យ​ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ស្លាប់ចំនួន១២នាក់។ ជាមួយ​គ្នានេះ​ដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជា​ប្រធាន​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានសម្រេចបង្កើនកញ្ចប់ថវិកា ចំនួន១០ម៉ឺនដុល្លារបន្ថែមទៀត ជូនដល់ខេត្តខេត្តបន្ទាយមានជ័យ ដោយទទួលបានថវិកា​សរុប​ចំនួន​២០ម៉ឺនដុល្លារ។

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ បានជន់លិចក្រុង/ស្រុក ចំនួន៩ និង​ឃុំ/សង្កាត់ចំនួន៤៩។ គ្រោះទឹកជំនន់នេះ បានធ្វើឱ្យប៉ះ​ពាល់​ប្រជា​ពលរដ្ឋ ជាង១ម៉ឺនគ្រួសារ ហើយប្រជាពលរដ្ឋ ជាង២ពាន់គ្រួសារ ត្រូវបាន​ជម្លៀស​ទៅកាន់ទីទួលមានសុវត្ថិភាព៕