ខេត្តស្វាយរៀង ៖ បុរសកម្មករសំណង់អភ័ព្វម្នាក់ ឮដំណឹងថា ប្រពន្ធទើបឆ្លងទន្លេ បាន៩ខែសន្លប់នៅផ្ទះឯស្រុក ជិះម៉ូតូចេញពីភ្នំពេញ ទៅមើលប្រពន្ធទាំងយប់មានភ្លៀងធ្លាក់។ ចំណែកប្រពន្ធ និងម្ដាយបង្កើតខំចាំមើលផ្លូវមួយយប់ នៅតែមិនឃើញទៅដល់ស្រុក រហូតដល់ភ្លឺ បែរទទួលដំណឹងថា កូន និងប្ដីដួលម៉ូតូ ស្លាប់នៅតាមផ្លូវទៅវិញ។

ហេតុការណ៍ប្រទះឃើញសពជនរងគ្រោះនេះ កើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

ជនរងគ្រោះ ឈ្មោះពៅ ភារៈ អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានកូនស្រី២នាក់ក្នុងបន្ទុក មានស្រុកកំណើតនៅភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

បើតាមស្រ្តីជាម្ដាយបង្កើតបានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ កូនប្រសាគាត់ ដែលជាប្រពន្ធជនរងគ្រោះទើបឆ្លងទន្លេបាន៩ខែបានសន្លប់នៅផ្ទះ។ ក្រោយពីដឹងដំណឹងនេះ កូនប្រុសគាត់បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥មួយគ្រឿង ចេញពីភ្នំពេញ តែម្នាក់ឯង តាំងពីវេលាម៉ោង៩យប់ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥មួយគ្រឿង ដើម្បីមកមើលប្រពន្ធនៅឯស្រុក ។ លុះយប់កាន់តែជ្រៅ គាត់និងកូនប្រសា អន្ទះសារចាំមើលផ្លូវ និងបានទូរស័ព្ទចូលដែរ ប៉ុន្តែមិនមានអ្នកលើក ។ រហូតដល់ព្រឹកឡើងភ្លឺ ទើបទទួលដំណឹងថាកូនគាត់ស្លាប់ ដោយសារដួលម៉ូតូខ្លួនឯង នៅតាមផ្លូវទៅវិញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញខាងចរាចរណ៍ បានមកពិនិត្យសាកសព និងវាស់វែងកន្លែងកើតហេតុ រួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕