រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងព្រមានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលកំពុងធ្វើជំនួញជាមួយមន្ត្រីជាន់ខ្ពស់ចំនួន ១០ នាក់ មកពីក្រុងហុងកុងនិងប្រទេសចិនដីគោកថា អាចប្រឈមទៅនឹងការដាក់ទណ្ឌកម្ម។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញផ្សាយ នូវរបាយការណ៍ស្តីពីស្វ័យភាពរបស់ក្រុងហុងកុង ដែលត្រូវបានដាក់ជូនសភា។ របាយការណ៍បានបរិហារថាសកម្មភាពរបស់មន្ត្រី ១០ រូប នៃរដ្ឋាភិបាលក្រុងហុងកុង និងរដ្ឋាភិបាលចិននៅទីក្រុងប៉េកាំង បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់ពលរដ្ឋក្រុងហុងកុង។

មន្ត្រីទាំងនោះរួមមាន នាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam និងប្រធានការិយាល័យកិច្ចការក្រុងហុងកុង និងម៉ាកាវ លោក Xia Baolong ។ របាយការណ៍បាននិយាយថា ក្នុងរយៈពេល ៦០ ថ្ងៃ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងកំណត់អត្តសញ្ញាណស្ថាប័នហិរញ្ញវត្ថុបរទេសណាមួយដែលមានប្រតិបត្តិការសំខាន់ៗជាមួយមន្ត្រីទាំងនេះ។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មដែលរដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក លោកដូ ណាល់ត្រាំ បានបង្កកទ្រព្យសម្បត្តិលើមន្រ្តីដដែល នៅសហរដ្ឋអាមេរិក។ រដ្ឋបាលបានផ្អាកឬបញ្ចប់កិច្ចព្រមព្រៀងអនុគ្រោះពន្ធជាមួយក្រុងហុងកុង បន្ទាប់ពីច្បាប់សន្តិសុខជាតិសម្រាប់ហុងកុងចូលជាធរមានកាលពីដើមឆ្នាំនេះ។ វាហាក់ដូចជាទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនសម្ពាធរបស់ខ្លួនទៅលើទីក្រុងប៉េកាំង មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានសង្កត់ធ្ងន់ថា ក្រុងហុងកុងគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទែសចិន។ លោកបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក ទទូចលើគោលនយោបាយរបស់ខ្លួន ប្រទេសចិននឹងចាត់វិធានការប្រឆាំងតបតវិញ។