នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ចំនួនប្រជាជន ធ្វើដំណើរតាមអាកាសនៅក្នុងសហភាពអឺរ៉ុប (EU) បានថយចុះយ៉ាងខ្លាំងនៅត្រីមាសទី ២ នៃឆ្នាំ ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ យោងតាមការិយាល័យស្ថិតិរបស់សហភាពអ៊ឺរ៉ុប បានឱ្យដឹងថា ដោយសារវិធានការណ៍នៃការទប់ស្កាត់ជម្ងឺកូវិត-19 ដែលរារាំងដល់ការធ្វើដំណើរ ការធ្លាក់ចុះនេះមានពី ៩៦ ភាគរយទៅ ៩៩ ភាគរយក្នុងចំណោម រដ្ឋជាសមាជិកសហភាពអឺរ៉ុបចំនួន ១៩ ។

នៅក្នុងរបាយការណ៍ ទិន្នន័យមិនមានសម្រាប់ប្រទេសប៊ែលហ្សិក ប៊ុលហ្គារី សាធារណរដ្ឋឆែក ក្រិក ម៉ាល់តា ប៉ូឡូញ រ៉ូម៉ានី និង ស៊ុយអែត ដែលស្ថិតនៅក្នុងសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប។ ប្រទេសអេស្បាញហាក់ដូចជារងការវាយប្រហារខ្លាំងជាងគេ ដោយមានអ្នកធ្វើដំណើរតាមអាកាសតិចបំផុត ពីខែមេសាដល់ខែកក្កដាឆ្នាំ ២០២០ ធ្លាក់ចុះស្ទើរតែ៩៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។

ប្រទេសអាឡឺម៉ង់ បានចុះបញ្ជីការបាត់បង់អ្នកដំណើរតាមអាកាសចំនួន ៥៩,១ លាននាក់ ឬថយចុះ ៩៧ ភាគរយពីឆ្នាំមុនៗ នៅត្រីមាសទី ២ នៃឆ្នាំ ២០២០ ។ ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ មានប្រជាជនតិចជាង ៤៤,២ លាននាក់ធ្វើដំណើរតាមយន្តហោះមកនិងទៅប្រទេសបារាំង ។

ប្រទេសអ៊ីតាលី បានឃើញការថយចុះនៃអ្នកដំណើរតាមអាកាសចំនួន ៤២,៦ លាននាក់ឬ ៩៨ ភាគរយសម្រាប់ត្រីមាសទី ២ នៃឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍នេះក៏បានផ្តល់ស្ថិតិរបស់ប្រទេសម៉ាសេដូនខាងជើង ដែលជាប្រទេសមួយបច្ចុប្បន្នកំពុងចរចាចូលសហភាពអឺរ៉ុប ដោយបានបាត់បង់អ្នកដំណើរតាមផ្លូវអាកាសចំនួន១០០ ភាគរយសម្រាប់ត្រីមាសទី ២ នៃឆ្នាំ ២០២០ ។

យោងតាមសមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA) បានឱ្យដឹងថា ខណៈដែលតម្រូវការចរាចរណ៍ផ្លូវអាកាសក្នុងស្រុកនៅទូទាំងពិភពលោក បានចាប់ផ្តើមជម្រុញនៅចុងត្រីមាសទី ២ ក្រុមហ៊ុនដឹកទំនិញរបស់ប្រទេសចិនបាននាំមុខការស្តារឡើងវិញ ខណៈទីផ្សារអ្នកដំណើរអន្តរជាតិនៅតែនៅជាប់គាំង។