បើគិតមកដល់វេលាម៉ោង៤ល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បណ្ដា​ប្រទេស​ទាំង១០ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ឬហៅកាត់ អាស៊ាន មានអ្នកឆ្លងវីរុសកូរ៉ូណា ឬកូវីដ-១៩ បន្ដកើនឡើងដល់ ៧៥៥ ១៨៤នាក់ (ឆ្លងថ្មី៣០១២នាក់) ស្លាប់ ១៨ ៥៣៧នាក់ (ទើបនឹងស្លាប់ ៨៣នាក់) ជាសះស្បើយ ៥៩៨ ៨២៥នាក់ អ្នកកំពុងសម្រាកព្យាបាល ១៣៧ ៨២២នាក់ និងអ្នកឈឺធ្ងន់ ១ ៨២០នាក់។ នេះបើតាមតួលេខចេញផ្សាយ ដោយ Worldometer ។

ហ្វីលីពីន ជាប្រទេសមានអ្នកឆ្លងវីរុសដ៏កាចសាហាវនេះច្រើនជាងគេ នៅក្នុងតំបន់ និងឈរលំដាប់ទី២០ នៃប្រទេសមានអ្នកឆ្លងច្រើន នៅលើពិភពលោក។ ប្រទេសនេះ មានអ្នកឆ្លងបន្ដកើនដល់ ៣៣៤ ៧៧០នាក់ (ឆ្លងថ្មី ២៩៩៦នាក់) ស្លាប់ ៦ ១៥២នាក់ (ស្លាប់ថ្មី៨៣នាក់) និងជាសះស្បើយ ២៧៥ ៣០៧នាក់។

ឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកស្លាប់ដោយកូវីដ-១៩ច្រើនជាងគេ នៅក្នុងតំបន់ ហើយប្រទេសនេះ មានអ្នកឆ្លង ៣២០ ៥៦៤នាក់ ស្លាប់ ១១ ៥៨០នាក់ និងជាសះស្បើយ ២៤៤ ០៦០នាក់។ រីឯប្រទេសសិង្ហបុរី មានអ្នកឆ្លង ៥៧ ៨៥៩នាក់ (ឆ្លងថ្មី១០នាក់) ស្លាប់២៧នាក់ និងជាសះស្បើយ ៥៧ ៦៦៨នាក់។
មីយ៉ាន់ម៉ា ជាប្រទេសមានអ្នកឆ្លងក្រោយគេ នៅតំបន់អាស៊ាន តែរហូតមកដល់ពេលនេះ ប្រទេសនេះមានសន្ទុះ នៃការឆ្លងកើនឡើងយ៉ាងខ្លាំង។ ប្រទេសមីយ៉ាន់ម៉ា (ភូមា) មានអ្នកឆ្លង ២២ ៤៤៥នាក់ ស្លាប់៥៣៥នាក់ និងជាសះស្បើយ ៦ ៣៦៦នាក់។

ម៉ាឡេស៊ី មានអ្នកឆ្លង ១៤ ៣៦៨នាក់ ស្លាប់១៤៦នាក់ និងជាសះស្បើយ ១០ ៥១៩នាក់។ ថៃមានអ្នកឆ្លង ៣ ៦២៨នាក់ (ឆ្លងថ្មី៦នាក់) ស្លាប់៥៩នាក់ និងជាសះស្បើយ ៣ ៤៤១នាក់។ វៀតណាម មានអ្នកឆ្លង ១ ១០០នាក់ ស្លាប់៣៥នាក់ និងជាសះស្បើយ ១ ០២៣នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លង ២៨១នាក់ មិនមានអ្នកស្លាប់ តែមានអ្នកព្យាបាលជាសះស្បើយ ២៧៦នាក់។ ប្រ៊ុយណេ មានអ្នកឆ្លង ១៤៦នាក់ ស្លាប់៣នាក់ និងជាសះស្បើយ ១៤៣នាក់។ ប្រទេសឡាវ មានអ្នកឆ្លង ២៣នាក់ មិនមានអ្នកស្លាប់ តែមានអ្នកព្យាបាល ជាសះស្បើយ ២២នាក់។

សូមជម្រាបថា វីរុសកូរ៉ូណា ហៅកាត់ កូវីដ១៩ (Coronavirus Disease 2019) នេះ បានផ្ទុះឡើងជាដំបូង នៅទីក្រុងវូហាន (ចិនអាន អ៊ូហាន) ខេត្ដហ៊ូប៉ី នាភាគកណ្ដាលប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ហើយរហូតមកដល់វេលាម៉ោង៤ល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកើនដល់ ៣៦ ៧៧៩ ០០៦នាក់ ស្លាប់ ១ ០៦៧ ២៦៨នាក់ និងជាសះស្បើយ ២៧ ៦៨២ ៦៣១នាក់។ នេះបើតាមតួលេខចេញផ្សាយដោយគេហទំព័រ Worldometer ៕