រាជធានីភ្នំពេញ÷ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកាលពីថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២០ នៅគោលដៅបែបបទចេញក្រៅប្រទេស តាមជើងយន្តហោះចេញលេខ DR5032 (KOS-KMG) ដោយយោងតាមប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជា ណាចក្រកម្ពុជា របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញជនជាតិចិន ចំនួន ១នាក់។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ ZHONG ANBIN ភេទប្រុស អាយុ ៤៦ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសចាប់ឃុំ ឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលបានពីពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ឆ្នាំ៕