ភ្នំពេញ៖ ថ្មីៗនេះ លោកផែង វណ្ណៈ បានបង្ហោះរូបភាព និងសារផ្ទួនៗគ្នាថា៖ ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ ដែលបានអះអាងថា ពួកគាត់ជាម្ចាស់កម្មសិទ្ធិលើដីធ្លីស្របច្បាប់នៅភូមិទួលពង្រ ក្រុងប៉ោយប៉ែត កំពុងភ័យព្រួយដោយសារតែអ្នកមានអំណាចប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទប្រកាន់ដោយមិនបានហៅពួកគាត់សាកសួរសូម្បីតែម្ដង ។ មានន័យថា ទទួលបណ្តឹងហើយ ចោទប្រកាន់យកតែម្ដង ។

បន្តិចក្រោយមក លោកផែង វណ្ណៈ បានបង្ហោះរូបភាព និងសារមួយទៀតថា៖ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែល ទទួលបណ្តឹងភ្លាមចោទភ្លែតដោយមិនបានហៅចុងបណ្ដឹងសាកសួរទេ ។ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យច្រើនណាស់ដែលរងគ្រោះដោយលោកព្រះរាជអាជ្ញារូបនេះ ។ តែគាត់មានសំណាងដោយបន្តរក្សាដំណែងរហូត ។

ខ្ញុំសង្ឃឹមថាមានតែសម្ដេចតេជោ ហ៊ុន សែន ទេដែលអាចចាត់ការព្រះរាជអាជ្ញារូបនេះបាន ។ បើគ្មានចំណាត់ការចំពោះលោកព្រះរាជអាជ្ញារូបនេះ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ចាំតែរងគ្រោះទៅ ។

ក្រោយមកទៀត លោកផែង វណ្ណៈ បានបង្ហោះរូបភាព និងសារថា៖ មានបងប្អូនមួយចំនួនបារម្ភពេលឃើញខ្ញុំនិយាយប៉ះពាល់ដល់បុគ្គល មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ខ្ញុំបាទសូមឆ្លើយជំរាបជូនបងប្អូនទាំងអស់មេត្តាជ្រាបថា រាល់ព័ត៌មានដែលខ្ញុំនិយាយពាក់ព័ន្ធនឹងលោក មាស ច័ន្ទពិសិដ្ឋ គឺខ្ញុំមានភស្តុតាងគ្រប់គ្រាន់ ។ បើខ្ញុំនិយាយមិនពិត ខ្ញុំសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ។ ខ្ញុំមិនអាចនៅស្ងៀមទុកអោយលោក មាស ច័ន្ទពិសិដ្ឋ ធ្វើបាបប្រជាពលរដ្ឋតាមអំពើចិត្តនោះទេ។

ក្រោយតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង៤ខែយ៉ាងអយុត្តិធម៌បំផុត ពីបទលួចលុយគេ២០០០ដុល្លារអាមេរិក ហើយត្រូវបានសាលាឧទ្ទរណ៍បាត់ដំបង សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញមក ជនរងគ្រោះឈ្មោះ ឆន ឈាក ជាប្ដី និងប្រពន្ធ ឈ្មោះ សុខ ស្រីនាង ជាប្រពន្ធបានសម្រេចចិត្តប្ដឹងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ និងចៅក្រម៥នាក់ទៀត ៖១- ចៅក្រម លឹម សុគន្ធារ៉ា , ២-ចៅក្រម ងួន រតនៈ , ៣-ចៅក្រម ថៃ គីមមុនី , ៤- ចៅក្រម ផេង កុសល , ៥- ចៅក្រម ញឹម ពិសាល រួមទាំងក្រឡាបញ្ជី ហ៊ុន ចិត្រា ទៅស្ថាប័នពាក់ព័ន្ធខាងលើ ។

កាលពីដើមឆ្នាំ២០២០ មានរឿងក្ដីឈឺចាប់មួយបានកើតឡើង ដោយជនរងគ្រោះ ឈ្មោះ ឆន ឈាក ជាប្ដី និងប្រពន្ធ ឈ្មោះ សុខ ស្រីនាង បុគ្គលិក កាស៊ីណូនៅប៉ោយ ប៉ែត ត្រូវបានមន្ត្រីចូលនិវត្តន៍ម្នាក់ប្ដឹងពីបទលួចលុយ២០០០ដុល្លារ ហើយត្រូវបានតំណាងអយ្យការអ មសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទប្រកាន់ និងបន្ទាប់មក ចៅក្រម៥នាក់ ៖១- ចៅក្រម លឹម សុគន្ធារ៉ា , ២-ចៅក្រម ងួន រតនៈ , ៣-ចៅក្រម ថៃ គីមមុនី , ៤- ចៅក្រម ផេង កុសល , ៥- ចៅក្រម ញឹម ពិសាល រួមទាំងក្រឡាបញ្ជី ហ៊ុន ចិត្រា បានកាត់ទោសដាក់ពន្ធនាគារម្នាក់ៗ ចំនួន៥ឆ្នាំ យ៉ាងអយុត្តិធម៌បំផុត៕