ភ្នំពេញ៖ បុរសគិតខ្លីម្នាក់បានសម្រេចចិត្តលោតទឹកធ្វើអត្តឃាតខ្លួនឯង តែត្រូវកម្លាំងនគរបាលជួយសង្គ្រោះទាន់ពេលវេលា បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣ និង៣០នាទី រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

បុរសគិតខ្លីនោះឈ្មោះ សៅ រតនា អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
មុនពេលកើតហេតុ គេឃើញបុរសខាងលើ ដើរតែម្នាក់ឯងលើស្ពានព្រះមុនីវង្សថ្មី ពីក្បាលស្ពានខាងលិច ឆ្ពោះទៅគល់ស្ពានខាងកើត ។ លុះដើរដល់ពាក់កណ្តាលស្ពាន ក៏លោតចុះទៅក្នុងទឹកទន្លេតែម្តងទៅ បង្កអោយការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើល ពិសេសកម្លាំងនគរបាលដែលប្រចាំការនៅចំណុចក្រោមស្ពាន បានបើកអូរប័រចេញទៅជួយស្រង់ពីក្នុងទឹកឡើងមកលើគោកវិញ ។

បុរសដែលគិតខ្លីមកលោតទឹកបញ្ចប់ជីវិតរូបនេះ បានប្រាប់ថា មូលហេតុដែលនាំឱ្យរូបគេគិតខ្លីបែបនេះ គឺដោយសាររូបគេរកការងារធ្វើ មិនបាន ពិសេស បងប្អូនសាច់ញាតិ ក៏គេមិនសូវរ៉ាប់រកទៀត ដូច្នេះហើយរូបគេមានអារម្មណ៍កណ្តោយកណ្តែងខ្លាំងពេក ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្តងទៅ ។

បុរសខាងលើ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ស្នាក់ការប៉ុស្តិ៍ច្បារអំពៅទី១ ដើម្បីពន្យល់អប់រំណែនាំ និងកំពុងព្យាយាមទំនាក់ទំនងទៅកាន់បងប្អូនសាច់ញាតិ ឱ្យមកទទួលយកទៅវិញ៕