ខេត្តព្រះវិហារ៖ រថយន្តធុនធំបុកម៉ូតូ បណ្តាលឲ្យម៉ូតូ និងរថយន្តហោះផ្លោងចូលព្រៃ ធ្វើឲ្យអ្នកជិះម៉ូតូវ័យជំទង់២នាក់ស្លាប់យ៉ាងអាណោចអាធ័ម ។ ចំណែកអ្នកបើកបររថយន្តបង្កងើបពីសន្លប់ រត់បាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧៖៣០នាទី ល្ងាចថ្ងៃព្រហស្បតិ៍ទី០១ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៩ ចុងផ្លូវភ្លោះ ស្ថិតនៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។

ក្មេងជំទង់២នាក់ដែលស្លាប់ ទី១.អ្នកបើកបរម៉ូតូ ឈ្មោះ ហុន ពិសី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ។ ទី២.អ្នករួមដំណើរឈ្មោះ ជង់ ភេទប្រុស ជនជាតិខ្មែរ។ ទាំង២នាក់រស់នៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។

សមត្ថកិច្ចនគបាលចរាចរណ៍ បានឲ្យដឹងថា៖ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-4855 អ្នកបើកបរថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់។ចំណែកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ1D-2067 ត្រូវបានខូចខាតធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង រួចយករថយន្តបង្កនិងម៉ូតូមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្តព្រះវិហារ និងប្រគល់សាកសពទាំងពីរទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តបង្ក សមត្ថកិច្ចនឹងស្រាវជ្រាវរក ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕