ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់ ក្រោយឆ្កែខាំ២០ថ្ងៃ មានអាការៈធ្វើទុក្ខខ្លាំង ត្រូវបានក្រុមគ្រួសារយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ត្រូវប្រធានមន្ទីរសុខាភិបាលខេត្ត សម្រេចបញ្ជូនបន្តទៅមន្ទីរខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។

ក្មេងប្រុសឈ្មោះគួយ រក្ស អាយុ៩ឆ្នាំ ឳពុកឈ្មោះម៉ៅ ខេមរា និងម្តាយឈ្មោះ សុខ សាវន្ត រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះត្រូវបានឆ្កែខាំរយៈពេល ប្រហែល២០ថ្ងៃមកហើយ។ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដោយជំងឺកាន់តែធ្ងន់ធ្ងរទើបបានបញ្ជូនមកកាន់មន្ទីរពេទ្យមិត្តភាព ជប៉ុន មង្គលបូរី។ ក្រុមគ្រួសារនោះមានសមាជិកចំនួន៦នាក់ទៀត ដែលប៉ះពាល់ជាមួយករណីជំងឺឆ្កែឆ្កួត តែមិនទាន់មានរោគសញ្ញាទេ ក៏ស្នើឲ្យនាំទៅពិនិត្យនៅមន្ទីរពេទ្យដែរ ។

លោកប្រធានមន្ទីរ បានបន្តថា ដោយបានការយកចិត្តទុកដាក់ និងទទួលបានអនុសាសន៍ពីសាស្រ្តចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការសម្របសម្រួល ការងារពីលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមានការជួយសម្របសម្រួលពីប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ផងនោះ មន្ទីរពេទ្យមិត្តភាពស្រុកមង្គលបូរីសម្រេច បញ្ជូនក្មួយប្រុសរងគ្រោះទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ចំណែកអ្នកពាក់ពន្ធ័៦នាក់ផ្សេងទៀតក្នុងគ្រួសារ ត្រូវបញ្ជូនទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅវិទ្យាស្ថានប៉ាស្ទ័រសាខាខេត្តបាត់ដំបង ផងដែរ ។

ឆ្លៀតឱកាសនេះ លោកប្រធានមន្ទីរសុខាភិបាលខេត្ត សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងឡាយណា ដែលមានសត្វឆ្កែឆ្មាចិញ្ចឹមសូមមេត្តាយកទៅចាក់វ៉ាក់សាំងសត្វជាចាំបាច់ និងត្រូវចងខ្សែសត្វចិញ្ចឹម ឲ្យបានត្រឹមត្រូវ ។ ដោយឡែក ប្រសិនបើមានឆ្កែ ឆ្មាខាំ ត្រូវមកទទួលការពិគ្រោះ ឬចាក់វ៉ាក់សាំងការពារឲ្យបានទាន់ពេលវេលា តាមការណែនាំរបស់គ្រូពេទ្យ និងមិនត្រូវទទួលទានសាច់ឆ្កែឆ្មានោះទេ ៕