ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកតា ខាន់ សុវណ្ណ មានករណីបាញ់ចំនួន៣គ្រាប់ នៅក្នុងដីចម្ការរបស់លោកតា នៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅសាកសួរ លោកតាខាន់ សុវណ្ណ ជុំវិញនឹងករណីផ្ទុះនេះ។ ក្នុងពេលនោះ លោកតា ខាន់ សុវណ្ណ បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ដោយមានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទសូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា បើសិនជាសមត្ថកិច្ច ត្រូវការកោះហៅរូបខ្ញុំ នៅពេលណា រូបខ្ញុំបាទនឹងទៅជួបបំភ្លឺទៅតាមការហៅរបស់សមត្ថកិច្ចថ្នាក់លើត្រូវការខ្ញុំ ។ ក្នុងករណីរូបខ្ញុំគេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺ តាមការកំណត់របស់សមត្ថកិច្ចទេនោះ រូបខ្ញុំព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់វិធានការតាមច្បាប់» ។

ក្រោយពី«KBN» ចេញផ្សាយអត្ថបទទី១ លោកតា ខាន់ សុវណ្ណ បានប្រតិកម្មជាខ្លាំង និងបដិសេធថា លោកមិនបានបាញ់ទេ លោកជាមនុស្សគោរពច្បាស់ណាស់ ជាមួយគ្នានេះដែរ លោកតា ក៏ព្រមានប្តឹង «KBN» ផងដែរ បើសិនជាមិនសុំទោស ។ លោកតា ខាន់ សុវណ្ណ បញ្ជាក់នៅក្នុងផេកផ្លូវការរបស់លោកថា « បើអ្នកកាសែតមួយនេះមិនសុំទោសតាសុវណ្ណ ទេ យើងនឹងប្តឹងលោកពីបទបរិហាកេរ្ត៏ឈ្មោះរបស់យើងហើយ។ សូមទានជ្រាបផង ព្រោះថាបើតាសុវណ្ណជាអ្នកមានកាំភ្លើងប្រាកដជាត្រូវគុកបាត់ទៅហើយ។ អ្នកដែលបាញ់នោះ គឺជាភ្ញៀវដែលជាអ្នកបាញ់។ យើងធ្វើលិខិតសន្យាថា បើសមត្ថកិច្ចត្រូវការរូបយើង ដើម្បីបញ្ជាក់ការពិតបន្ថែមអ្វីមួយនោះ គឺយើងនឹងចូលខ្លួនបំភ្លឺភ្លាម។ តាសុវណ្ណ ជាមនុស្សគោរពច្បាប់រដ្ឋណាស់ មិនដូចពួកអាប្រឆាំងនោះឡើយ»។

ជាមួយគ្នានេះដែរ «KBN» មានការសោកស្តាយ និងសុំទោស ចំពោះលោកតា ខាន់ សុវណ្ណ ដែលអង្គភាពយើងខ្ញុំទទួលព័ត៌មានបឋមមិនគ្រប់ជ្រុងជ្រោយ មកផ្សាយធ្វើឲ្យមហាជនមានការយល់ច្រឡំ និងប៉ះពាល់កិត្តិយសលោក៕