រាជធានីបាងកក៖ ក្រុមជំនួយកម្មករមានមូលដ្ឋាន នៅក្នុងប្រទេសថៃ បានថ្លែងថា ក្នុងរយ:ពេល២សប្ដាហ៍មកនេះ អាជ្ញាធរថៃបានចាប់ខ្លួនជនអន្ដោប្រវេសន៍មីយ៉ាន់ម៉ា ដោយសង័្សយពីការព្យាយាមឆ្លងដែនចូលមកក្នុងប្រទេសថៃ ដោយខុសច្បាប់។

អង្គការ Ko Ye Min ជាគណ:កម្មាធិការសម្ពន្ធជំនួយកម្មករមីយ៉ាន់ម៉ា បានថ្លែងថា កម្មករប្រហែលជិត៦ពាន់នាក់ សង័្សយជាជនអន្ដោប្រវេសន៍ខុសច្បាប់មកពីមីយ៉ាន់ម៉ា។ ជនអន្ដោប្រវេសន៍ទាំងនោះ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ចាប់តាំងពីដើម ខែកញ្ញា មក។ ក្នុងចំណោមជនអន្ដោប្រវេសន៍ខាងលើនេះ គឺភាគច្រើនជាជនជាតិភូមា។

ជាមួយគ្នានេះ អង្គការ Ko Ye Min បានជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា (ភូមា) រារាំងដល់ការចាប់ខ្លួន និងចរចាជាមួយនឹងរដ្ឋាភិបាលថៃ ដើម្បីធ្វើឲ្យកម្មករភូមា ចូលមកក្នុងប្រទេសថៃ តាមរយ:បណ្ដាញត្រឹមត្រូវ។ បញ្ហាជនអន្ដោប្រវេសខុសច្បាប់នេះ ដោះស្រាយមិនចប់ទេ ដោយសារនៅក្នុងប្រទេសភូមា មានការងារតិចតួច ទើបពលរដ្ឋនាំគ្នាទៅកាន់ប្រទេសថៃ។

បើតាមសារព័ត៌មាន Myanmar Times បានផ្សាយថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសថៃ មានកម្មករស្របច្បាប់ និងខុសច្បាប់ ជាជនជាតិមីយ៉ាន់ម៉ា ចំនួន២លាននាក់៕