រាជធានីភ្នំពេញ៖ ស្រីខ្ទើយ២នាក់ (នារីភេទទី៣ ) ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន កាលពីវេលាម៉ោង១ និង២០នាទី រសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ នាំមកចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីសកម្មភាពបើកទ្វារឡានរបស់គេលួចទូរស័ព្ទ ។ជនសង្ស័យនិងជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពបើកទ្វាររថយន្តរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកងកង លួចកាបូបមួយក្នុងនោះ មានលុយមួយចំនួននិងទូរស័ព្ទពីគ្រឿង គឺម៉ាកអាប៉ូ១១ប្រូ ១គ្រឿង និងម៉ាកអាយហ្វូនអ៊ិចម៉េក១គ្រឿង។ តែត្រូវអស់លក្ខណ៍ ដោយសារតែទូរស័ព្ទភ្ជាប់ GPS ទើបម្ចាស់ទូរស័ព្ទតាមដានដឹងថា ជនសង្ស័យយកមកដាក់បញ្ចាំ នៅហាងមួយកន្លែង ក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង។

ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ច បានបញ្ជូនទៅអធិការដ្ឋាននរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕