ខេត្តព្រះសីហនុ៖ ថ្មីៗនេះ បន្ទាប់ពីវីដេអូឃ្លីបមួយចែករំលែកបន្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាពបុរសម្នាក់បាញ់កាំភ្លើងខ្លី ចំនួន៣គ្រាប់យ៉ាងអនាធិបតេយ្យនៅក្នុងចម្ការតាសុវណ្ណ នៅក្នុងឃុំចំការហ្លួង ស្រុកកំពង់សីលា ហើយក្នុងវីដេអូឃ្លីបនោះ គេឮសំឡេងតាខាន់ សុវណ្ណ ស្រែកបន្ទរថា អើ!ដាក់មួយទៀត ដាក់ឱ្យត្រង់មើល៍…ស្ដារកាណុង ក្នុងចម្ការតាសុវណ្ណ…មក បង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ។

រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅដល់ចម្ការរបស់តាខាន់ សុវណ្ណ ហើយនាំខ្លួនតាសុវណ្ណ មកធ្វើកិច្ចសន្យា ។ ចុះអ្នកបាញ់កាំភ្លើងទៅណា?

ក្នុងកិច្ចសន្យាជាលាយលក្ខណ៍អក្សរ លោក ខាន់ សុវណ្ណ បានសេសេរថា៖ បើសិនជាសមត្ថកិច្ច ត្រូវការហៅរូបខ្ញុំ នៅពេលណារូបខ្ញុំបាទ នឹងទៅជួបបំភ្លឺទៅតាមការកោះហៅ របស់សមត្ថកិច្ចថ្នាក់លើត្រូវការខ្ញុំ ក្នុងករណីរូបខ្ញុំគេចវេះ មិនព្រមចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ចទេនោះ រូបខ្ញុំបាទព្រមប្រគល់ខ្លួនជូនសមត្ថកិច្ច ចាត់ការតាមច្បាប់។

ករណីនេះ មហាជនមានការងឿងឆ្ងល់ថា បុរសជាអ្នកបាញ់កាំភ្លើងផ្ទាល់ ម៉េចសមត្ថកិច្ចមិនបង្ហាញមុខ និងឱ្យធ្វើកិច្ចសន្យា បែរជានាំខ្លួនតាសុវណ្ណ មកធ្វើកិច្ចសន្យាជំនួសទៅវិញ ? ៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖