ខេត្តស្វាយរៀង៖ យុវតី៣នាក់ ខណៈបើកម៉ូតូឌុបគ្នាចេញពីធ្វើការត្រឡប់មកផ្ទះវិញ ស្រាប់តែមានរថយន្ត១គ្រឿង បើកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលេខ៣១៩B (ផ្លូវកំពង់ស្ពាន) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

សមត្ថកិច្ច បានឱ្យដឹងថា នារីរងគ្រោះ មានឈ្មោះ ចាន់ បុប្ផា អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើក្រចក (អ្នកបើកម៉ូតូ) ។ ចំណែក អ្នកជិះពីក្រោយ មានឈ្មោះ អាំង អៀន អាយុ១៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើក្រចក និងឈ្មោះយុក ច័ន្ទភក្តី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើក្រចក។ យុវតីរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះទាំង៣នាក់ បើកម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១FF-៩១៨៤ ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយយន្ត១គ្រឿងម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ផ្លាកលេខ កណ្តាល ២A-០៦៣៦ បើកដោយជនស្គាល់អត្តសញ្ញាណម្នាក់ បុកយ៉ាងពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះរងរបួសធ្ងន់ទាំងអស់គ្នា ហើយពេលនោះ រថយន្តបង្កមិនព្រមឈប់នោះទេ ដោយព្យាយាមបន្ថែមល្បឿនបើករត់គេច រហូតធ្លាក់ចូលប្រឡាយខាងត្បូងផ្លូវទើបទៅណាលែងរួច ហើយអ្នកបើកបរបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូននារីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្សី រាជធានីភ្នំពេញ ។ បន្ទាប់មក ធ្វើការវាស់វែង និងយកយានយន្តពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត រង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារនារីរងគ្រោះតាមផ្លូវច្បាប់៕