រាជធានីភ្នំពេញ ៖ ម៉ូតូស៊េរីទំនើបជាច្រើនគ្រឿងពាក់ព័ន្ធនឹងចោរកម្ម ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការដកហូតពីទីតាំងកុងបញ្ចាំមួយកន្លែង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចកន្លែងបញ្ចាំ នៅឃ្លាំងរំសេវ ស្ថិតនៅផ្ទះលេខ ៤C ផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

លោក ប៊ុន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញម៉ូតូចំនួន១១គ្រឿង ដែលសង្ស័យថា ជាម៉ូតូដែលពាក់ព័ន្ធនឹងបទល្មើស ។ បន្ទាប់មក សមត្ថកិច្ចដកហូតម៉ូតូទាំងនោះ បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែក ស្រ្តីជាម្ចាស់ទីតាំង ត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរ៕