ខេត្តកំពង់ចាម ៖ យុវជនម្នាក់កំពុងបើកបររថយន្តធុនធំ នៅតាមផ្លូវសុខៗ ត្រូវជនអន្ធពាលលួចគប់នឹងដុំថ្មធ្លុះកញ្ចក់រថយន្ត ត្រូវចំដើមទ្រូង ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើង និងដើមកៅស៊ូ បន្ថែមទៀត ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៨៖៣៥នាទី ព្រលប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ។

ជនរងគ្រោះឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័្លង្ក ខេត្តកំពង់ធំ ។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងបើកបររថយន្តធុនធំ ដឹកទំនិញពីខេត្ដក្រចេះ នៅតាមផ្លូវជាតិលេខ៧១ សំដៅទៅផ្ទះនៅខេត្តកំពង់ធំ វិញ ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ បានយកដុំថ្មគប់ត្រូវចំកញ្ចក់ខាងមុខ បែកធ្លុះទៅត្រូវចំដើមទ្រូង ធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ ហើយរថយន្តបានរេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើង និងដើមកៅស៊ូបន្ថែមទៀត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ តែជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

តាមបញ្ជាលោក សាន សុភៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកំពង់ចាម សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនបង្ក មកផ្តន្ទាទោសតាមនីតិវិធីហើយ៕