ខេត្តកណ្ដាល ៖ យុវជន២នាក់ បើកម៉ូតូ១គ្រឿងឌុបគ្នា ហើយបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់ នៅកន្លែងយ៉ាងអាណោចអាធ័ម ។ ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BI- 3856 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។ រថយន្តនេះបានបើកបរមានទិសដៅអ្នកលឿង ភ្នំពេញ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបម៉ូតូម៉ាក HONDA DREAM 125 ពាក់ផ្លាកលេខ កណ្តាល 1AD-3261 បើកបរដោយឈ្មោះ ធៀម ធារិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមំណើរម្នាក់ឈ្មោះ អ៊ូ ចម្រើន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យភាគីរថយន្តជាន់ហ្វ្រាំងឈប់មិនទាន់ គេចមិនផុត ក៏ជ្រុលបុកយ៉ាងពេញទំហឹង តែម្តង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុរួចរាល់ បានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ ចំណែក យានយន្តពាក់ព័ន្ធសមត្ថកិច្ចយកមករក្សាទុក រង់ចាំធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តបង្ក ធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់៕