រាជធានីភ្នំពេញ÷ ទោះបីជាលោកអ្នកតែងតែគិតថាការផ្ញើសារជា SMS គឺជាបច្ចេកវិទ្យាចាស់មួយដែលមិនមានភាពទាន់សម័យ ហើយត្រូវបានគេឈប់ប្រើ ស្ទើរតែទាំងស្រុងក៏ហើយក្ដី ប៉ុន្តែផ្ទុយទៅវិញការផ្ញើសារជា SMS មិនទាន់ត្រូវបានគេបោះបង់ចោលនៅឡើយទេ ជាងនេះទៅទៀតវាត្រូវបានពួកក្រុមជនខិល ខូចយកទៅប្រើដើម្បីបន្លំបោកប្រាស់បានយ៉ាងសាមញ្ញ និងងាយស្រួលថែមទៀតផង។ ការបោកប្រាស់តាមរយៈការផ្ញើសារត្រូវបានគេឱ្យឈ្មោះថា Smishing។នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ជាឧទាហរណ៍ ក្រុមអ្នកសន្តិសុខបច្ចេកវិទ្យាបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថា ពួកគេបានទទួលសារ SMS ពីពួកក្រុមជនខិលខូច ដោយបន្លំធ្វើជាសារមកពីក្រុមហ៊ុន Apple ទៅបុរសម្នាក់ដែលមានឈ្មោះ Christopher ដោយថារូបគាត់ត្រូវបានជ្រើសរើសឱ្យទទួលបានទូរសព្ទ iPhone 12 ដើម្បីធ្វើការប្រើប្រាស់សាកល្បង។

អ្នកស្រាវជ្រាវបានបញ្ជាក់ថាពួកគេមិនមានឈ្មោះ Christopher ប៉ុន្តែជនខិលខូចបានប្រើឈ្មោះមនុស្សពិតៗ ដើម្បីធ្វើឱ្យអ្នកដែលបានអានសារនោះហើយមានអារម្មណ៍ទាក់ទាញ។ លើសពីនេះទៅទៀតពួកគេក៏បានបន្ថែមនូវ ឈ្មោះផ្លូវ និងឈ្មោះទីក្រុងពិត ដើម្បីឱ្យអ្នកអានគិតថា Christopher គឺជាមនុស្សពិតដែលគេតាមទាក់ទងពិតប្រាកដមែន។

ជាទូទៅក្រៅពីសារលួងលោមអ្នកអានឱ្យលង់ក្នុងល្បិចរបស់ពួកគេនោះ ជនខិលខូចក៏មានភ្ជាប់មកជាមួយនូវតំណភ្ជាប់ក្លែងក្លាយ ដើម្បីទាមទារឱ្យលោកអ្នកបញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងលេខគណនីដូចជា លេខប័ណ្ណឥណទាន ដើម្បីបង់សេវាថ្លៃផ្ញើបន្តិចបន្តួចមុននឹងអាចទទួលបានទូរសព្ទនោះ ប៉ុន្តែតាមការពិតពួកគេធ្វើនេះគឺ គ្រាន់តែចង់ប្រមូលទិន្នន័យ និងលេខប័ណ្ណឥណទានរបស់លោកអ្នក ដើម្បីលួចយកលុយនៅក្នុងគណនីរបស់លោកអ្នកតែប៉ុណ្ណោះ។

ទោះបីជានាយកដ្ឋានពុំទាន់បានជួបករណីដូចគ្នាទៅនឹងករណីខាងលើនេះនៅក្នុងប្រទេសកម្ពុជាយើងក៏ដោយក្តី នាយកដ្ឋានសូមឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននៅពេលដែលបងប្អូនបានទទួលសារ ទោះជាតាមរយៈ SMS ឬតាមប្រព័ន្ធបណ្ដាញសង្គមផ្សេងៗថា បានឈ្នះរង្វាន់ ឬបានទទួលអីវ៉ាន់ដែលបានផ្ញើមកពីក្រៅប្រទេសនោះ ព្រោះនេះគ្រាន់តែជាវិធីលួងលោមបោកប្រាស់ដើម្បីឱ្យលោកអ្នកផ្ញើលុយទៅឱ្យពួកគេវិញនោះទេ៕